ព្រោះ​ពាក្យ​ថា​ស្រឡាញ់គឺ​ជា​ហេតុ​ផល​នៃ​ការ​​ស្រឡាញ់

អត្ថបទ​សរសេរលេង មិន​បាន​ព្រៀង​ទុក មិន​បាន​អាន​ឡើងវិញ មិន​បាន​កែ​អក្ខរាវិរុទ្ធ … កំហុស​ឆ្គង​ពាក្យ​ពេចន៍ ឬអត្ថន័យ​អាច​កើតមាន​ច្រើ​ន​រាប់​មិនអស់ -  អាន​ហើយ​អា​ច​មិន​យល់ ឬ​ ខាត​ពេល​វេលា!

ស្រឡាញ់​មនុស្ស​ម្នាក់​ពិត​ជា​ពិបាក​ណាស់ ហើយបើ​ស្រឡាញ់មនុស្ស​ម្នាក់ដែល​គេ​មិន​ដឹង​រវល់​ពី​យើង​វា​រឹតតែពិបាក​ជាង​ហ្នឹងទៅទៀត តែ​ទោះជា​យ៉ាងនេះក្តី​​វា​នៅ​គ្រាន់​បើ​ជា​ការដែល​យើងទៅ​ស្រឡាញ់មនុស្ស​ម្នាក់ដែរ​ស្អប់​យើង​ដែរ ។ ថា​មិន​ស្រឡាញ់​តប​វិញ​ក៏​ហីទៅ​ចុះ ថា​មិន​រវីរវល់​ ឬ​មិន​យក​ភ្នែក​មើល​ក៏​មិន​អីដែរ ធ្វើម៉េច​ជាកម្ម​របស់​អ្នក​ដែល​ទៅ​ស្រឡាញ់​គេ​តែ​ម្ខាង តែ​បន្ថែម​ពីលើនោះទៀត​គឺ​ទៅ​ស្រឡាញ់​ប៉ះ​ចំ​មនុស្ស​ម្នាក់​ដែល​ស្អប់ ឬ​តាំង​ខ្លួន​ជា​សត្រូវ​ខ្លួន​ទៅវិញ ។

មិន​មែន​ជា​ការ​ប្រមាន​ ឬ​បន្លាច​ទេ​ តែ​រឿង​បែប​នេះ​ខ្ញុំ​ធ្លាប់​ជួប​ដោយ​ផ្ទាល់ខ្លួន​មក​ហើយ គឺ​ការ​ដែល​យើង​យក​ចិត្ត​ស្រឡាញ់​របស់មនុស្ស​ម្នាក់មាន​ចំពោះយើងទៅ​ជាន់​ឈ្លី​លេង​នោះ ។ កាលគ្រាហ៍មួយ​នោះ មាន​គេ​ម្នាក់នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ត​មែនទែន​ មិន​ត្រឹម​តែ​ចិត្ត​ដែល​បង់ ឬ​ក្តី​សង្ឃឹម កម្លាំង​កាយ​ កម្លាំង​ប្រាជ្ញា​របស់ខ្ញុំ​ ក៏បាន​បាត់បង់ទៅជា​មួយ​គ្នា​នៅពេល​នោះដែរ ។ ខ្ញុំ​ទទួល​ស្គាល់​ថា​គេ​ម្នាក់​នោះជា​មនុស្ស​ម្នាក់​ ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ជាលើក​ដំបូង​ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​ជាង​គេ​បំផុតដែរ ។ តែ​ខ្ញុំ​មិន​ដែល​ស្អប់គេ​ទេ អ្វីដែល​ខ្ញុំ​ធ្វើ​គ្រប់​បែប​យ៉ាង​នៅពេល​ដែល​យើង​បាន​ដើរ​មកដល់​ចំណុច​បំបែក គឺ​ការ​គេច​ឲ្យ​ផុត​ពី​គេ​ គេច​ឲ្យ​ផុត​ពី​យល់សប្តិ​អាក្រក់​ដែល​តាម​មក​លង​ខ្ញុំ​រាល់​យប់ពេល​ដែល​រំលឹក​ដល់​រូប​គេ​នៅពេល​ថ្ងៃ ។

ស្តាប់​ទៅ​វា​ដូចជា​ព្រេងនិទាន ឬ​ប្រលោម​លោក​បែប​មនោសញ្ចេតនា​ជ្រាលជ្រៅឡើង​ទ្រលាន់មែនទេ? ខ្ញុំ​ដែល​ជា​អ្នក​ឆ្លង​កាត់​ផ្ទាល់ខ្លួន​ឯង ក៏​គិត​អញ្ចឹងដែរ​ ហើយ​បើ​មិនមែន​ជាខ្លួន​ខ្ញុំ​ផ្ទាល់ជា​អ្នក​ឆ្លង​កាត់​រឿង​នេះ ខ្ញុំ​ច្បាស់ជា​យល់​ថា វា​បាន​ត្រឹម​តែ​ជា​រឿង​ដែលគេ​និទាន​ឲ្យ​ល្អ​ស្តាប់ជក់ចិត្ត​ប៉ុណ្ណោះ ។ តែ​ខ្ញុំ​ពិត​ជា​ប្រកែក​មិន​បាន នៅពេល​ដែល​វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំផ្ទាល់ ។

បន្ទាប់ពី​យើង​ចែក​ផ្លូវ​គ្នា ខ្ញុំ​បាន​ខំ​ផ្តាច់ការទាក់ទង​គ្រប់បែប​យ៉ាង ព្រោះ​តែ​”ខ្លាច” ខ្លាច​ថា​គេ​នឹង​វិល​ត្រឡប់មក​ធ្វើ​បាប​ខ្ញុំ​ម្តង​ទៀត ខ្លាច​ថា​ខ្ញុំ​ចិត្ត​ទន់​បណ្តោយ​ឲ្យ​គេ​មក​ធ្វើ​បាប​ចិត្ត​ខ្ញុំ​ម្តង​ទៀត ខ្លាច​គ្រប់បែប​យ៉ាង តែខ្ញុំ​មិន​បាន​ស្អប់គេទេ ។ ខ្ញុំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រុញ​ច្រាន​គេ​ម្នាក់​នោះ​កុំ​ឲ្យ​ដើរ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ទៀត ។ មាន​ម្តង​ជា​ពីរ​ដង​ដែរ ដែលគេ​ព្យាយាម​ទាក់ទង​ត្រឡប់មក​រក​ខ្ញុំ​វិញ គេ​បាន​ព្យាយាម​ប្រាប់​ពីបំណង​នៃ​ការ​វិល​ត្រឡប់​មក​ខ្ញុំ​វិញ​ដែរ​ ថា​គេមិន​​ចង់​បាន​អ្វីទេ ក្រៅ​តែ​សុំ​ឲ្យ​ខ្ញុំ​អភ័យទោស​ឲ្យ​គេ​ ។ គេ​ដឹង​ខ្លួន​ថា​គេ​ធ្វើ​ខុស​ចំពោះ​ខ្ញុំ​ធំណាស់ ហើយ​មិន​សុំ​ឲ្យ​ត្រឡប់មក​ដូច​ដើម​វិញទេ គឺ​សុំ​ត្រឹម​ឲ្យ​ខ្ញុំ​អត់អោន​ទោស​ ឬ​យ៉ាង​ច្រើន​សុំ​ធ្វើ​ជាមិត្ត​នឹង​គ្នា​ក៏បាន ។

តែ​ការ​តប​ត្រឡប់​របស់ខ្ញុំ​ទៅគេវិញ គឺ​ពាក្យ​សម្តី​ដ៏សែន​គ្រោត​គ្រាត ដើម្បី​ឲ្យ​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពីជីវិត​ខ្ញុំ ។ ខ្ញុំ​ចាំបាន​ច្បាស់ណាស់ថា មាន​រឿង​តែម្យ៉ាង​ប៉ុណ្ណោះ​ដែល​ខ្ញុំ​សុំ​គេ​ គឺ​សុំ​ឲ្យ​គេ​ចិត្ត​ថា​ខ្ញុំ​ម្នាក់នេះ បាន​ស្លាប់បាត់ទៅហើយ ហើយ​សុំ​ឲ្យ​គេ​ឈប់មក​ពាក់ព័ន្ធ​ក្នុង​ជិវិត​ខ្ញុំ​ទៀត ។ ម្ត​ង​ជា​ពីរ​ដង ខ្ញុំ​នៅ​តែ​ទន្ទេញ​ពាក្យ​នេះ​ដដែល ហើយ​ប្រកាន់ជំហរ​ដដែល ។

មានម្តង​មិត្ត​ភ័ក្ត​គេ (គ៏ជាមិត្ត​ខ្ញុំ​ដែរ) ប្រាប់​ខ្ញុំ​ថា​មាន​ម្តង​គេ​ឈឺ​គ្រាប់គ្រួស​ក្នុង​តម្រង​នោម ឬ​ពោះវៀន​ដុះ​ខ្នែងទេ ខ្ញុំ​ចាំមិន​ច្បាស់ តែការឈឺ​នោះវា​ខ្លាំង​ណាស់ រហូត​ម្ចាស់ខ្លួន​គិត​ថា​គេ​ច្បាស់ជាមិន​រស់ទេ ។ មិត្ត​ម្នាក់នោះបន្ត​ទៀត​ថា ពេលចូល​ទៅដល់ពេទ្យ​គេ​នឹក​ឃើញ​ខ្ញុំ ហើយ​និយាយ​ថា​ គេ​ស្តាយ​ណាស់ គេ​បាន​បាប​ខ្ញុំ​ គេ​ជំពាក់ខ្ញុំ​ច្រើន​ណាស់ ។ ធ្លាប់​ឮ​ពាក្យ​ថា​ មិន​ឃើញ​មជ្ឈូស​មិន​ស្រក់ទឹក​ភ្នែក​ទេ? មក​ដល់ពេល​បាន​ឮ​មិត្ត​និយាយប្រាប់បែប​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​គិត​សារ​ឡើងវិញ ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​ចំពោះគេ វា​សម​ហើយ​មែនទេ? អ្វី​ដែល​ខ្ញុំ​ធ្វើ​ចំពោះមនុស្ស​ម្នាក់​ដែល​ភ្ញាក់រលឹក​កំហុស មនុស្ស​ម្នាក់​ដែល​នៅពេល​គិត​ថា​ខ្លួន​មិន​រស់ហើយ នៅ​នឹក​ឃើញកំហុស​របស់គេ​ដែលមាន​ចំពោះខ្ញុំ​ទៀតនោះ តើ​វា​ត្រូវ​ហើយមែនទេ?

កាលនោះ​ខ្ញុំ​មិន​បាន​គិត​អ្វី​ច្រើន​ទេ ក្រៅពីការធ្វើចិត្ត​អហោសិកម្ម​ឲ្យ​គេ ព្រោះ​នៅពេលនោះ ខ្ញុំ​កំពុងរីករាយ​នឹង​ជីវិត​របស់ខ្លួន ដែល​គិត​ថា​វា​ល្អ​ឥត​ខ្ចោះ​ហើយ ព្រោះ​ខ្ញុំ​កំពុង​មាន​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ខ្លាំង និង​គេ​ក៏​ស្រឡាញ់​ខ្ញុំ​វិញ​ដែរ​ ខ្ញុំ​កំពុង​បាត់បង់​ភាព​ខ្លាច​រអារ​ដែល​ធ្លាប់មាន​ពីមុន​មក ព្រោះមាន​មនុស្ស​ម្នាក់ បាន​ស្ម័គ្រ​ចិត្ត​កាន់ដៃ​ជាមួយ​ខ្ញុំ ដើរ​ឆ្ពោះទៅ​ខាង​មុខ​ជាមួយ​គ្នា មនុស្ស​ម្នាក់ដែល​ខ្ញុំ​សំចត​ចិត្ត មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​ស្រឡាញ់​ជា​មនុស្ស​ចុង​ក្រោយ​សម្រាប់ជីវិត​ខ្ញុំ ។

បាប​កម្ម​មាន​ពិតមែន … ហើយ​វាបាន​តប​​មកវិញ​លឿន​សម្បើមណាស់ ព្រោះ​មិនបាន​កន្លះ​ឆ្នាំ​ស្រួល​បួល​ផង ទំនាក់ទំនឹងដែលខ្ញុំ​គិត​ថា​ឥតខ្ចោះបាន​​រលាយ​បាត់ទៅ​ហើយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​អ្វី​ឡើយ ។ អ្វី​គ្រប់យ៉ាង​ត្រូវ​បញ្ចប់ទៅ​ដោយ​ភាព​ស្រពេច​ស្រពិល មិន​ដឹង​ថា​ហេតុ​អ្វីបាន​ជា​រឿង​យើង​ត្រូវ​ចប់ មិន​ដឹង​ថា​ខ្លួន​ខ្ញុំ​បាន​ធ្វើ​កំហុស​ធ្វី​ ឬ ធំប៉ុណ្ណា​ទេ ហេតុ​អ្វីបាន​ជា​មនុស្ស​ពីរ​នាក់កំពុង​ស្រឡាញ់គ្នា ត្រូវ​បែក​គ្នាទៅវិញ បែក​ដោយ​គ្មាន​មួល​ហេតុ, ឬ​អស់ស្រឡាញ់? ឬ​មួយ​យ៉ាងណា? បែក​ទៅ​ទាំងចិត្ត​នៅ​ស្រឡាញ់ពេញ​បេះដូង ។

បន្តិច​ម្តង​ៗ​បាប​កម្ម​ទាំងនោះ​បាន​លេច​រូប​រាង​កាន់តែ​ច្បាស់​ឲ្យ​ខ្ញុំ​ឃើញ ។ បើ​ទោះ​ជាខ្ញុំ​ខំ​ទទួល​យក​ការពិត​យ៉ាងណាក៏ដោយ ក៏ការបែក​បាក់នេះ នៅតែធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការឈឺ​ចាប់​យ៉ាង​ខ្លាំង នឹង​អូស​បន្លាយ​ពេល​មិន​ស្រាក​ស្រាន្ត​ឡើយ ។ ធ្វើ​ចិត្ត​ទទួល​ថា បែក​ក៏បែកចុះ សុំ​ថយ​ពី​ការ​ស្រឡាញ់ មក​ជា​មិត្តក៏បាន ព្រោះ​យ៉ាងហោច​ណាស់ ក៏បាន​នៅមាន​ឱកាស​ឲ្យ​នៅក្បែរ មនុស្ស​ដែលខ្លួន​ស្រឡាញ់ខ្លះ​ដែរ នៅមាន​ឱកាស​ជួយ​យក​អាសា​មនុស្ស​ដែល​ខ្លួន​ស្មោះ​ខ្លះ​ដែរ ។ តែ​ការ​រំពឹង​គិតនេះវា​មិន​បាន​កើតឡើយ​ងាយ​ស្រួល​បែប​នេះ​ឡើយ ព្រោះ​ទង្វើ​របស់គេ ដែល​ធ្វើ​មក​ចំពោះ​ខ្ញុំ​ជាច្រើន​លើក​ច្រើន​សារ គឺ​គេ​មិន​មាន​សូម្បី​តែ​មិត្ត​ភាព​ឲ្យ​ខ្ញុំ​ ។

មក​ដល់​ចំណុច​នេះ ខ្ញុំ​ត្រូវ​ឈឺ​ចាប់នឹង​ការពិត​ម្តង​ទៀត ឈឺ​ចាប់​ជា​លើក​ទីពីរ ព្រោះតែ​មិត្ត​ភាពក៏ខ្ញុំ​មិន​អាច​ទទួល​បាន​ពីគេដែរ ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ ត្រូវ​ទទួល​ស្គាល់​ការពិត​ម្តងទៀត គឺ​កាត់ចិត្ត​ពី​ការប៉ង​ត្រឹម​មិត្ត​ បាន​សុំ​ត្រឹម​មនុស្ស​ធ្លាប់ស្គាល់គ្នា មិន​បាច់​ជិត​ស្និត មិនបាច់មាន​ទំនាក់ទំនង​ច្រើនទេ សុំ​ត្រឹម​ថ្ងៃ​ក្រោយ​ពេល​បាន​ជួប​មុខ​គ្នា យើង​នឹង​ញញឹម​រាក់ទាក់គ្នា​ទៅវីញទៅមក​ក្នុង​នាម​ជាមនុស្ស​ធ្លាប់​ស្គាល់ពីមុន​មក​ក៏បាន ។

ជា​ថ្មី​ម្តងទៀត… គឺ​ខ្ញុំ​ត្រូវបាន​ទទួល​ការ​បដិសេធ​តាម​រូប​បែប​ផ្សែងៗ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​ម្តងៗ ។ ការបដិសេធសំណើ​មួយ​នេះមាន​ដូចជា ការ​មួរម៉ៅ​ក្តៅ​ក្រហាយ​ របស់គេ​នៅពេល​ដែល​មាន​លេច​វត្ត​មាន​របស់ខ្ញុំ​ក្នុង​ជីវិត​របស់គេ ។​ ក្រោយ​ពេល​មាន​ការ​ទាក់ទង​សួរនាំ​សុខទុក្ខ​បន្តិច​បន្តួច លទ្ធផល​ដែល​គេ​បញ្ចេញ​មក​គឺ​មួរម៉ៅ​ក្តៅក្រហាយ មិន​សប្បាយចិត្ត ដោយ​ការ​ចោទប្រកាន់មក​ខ្ញុំ​ថា​បាន​រំលឹក​រឿងចាស់ធ្វើ​ឲ្យ​គេ​មិន​សប្បាយ​ចិត្ត ។ ខ្លាច​ណាស់ នឹង​មិន​ចង់ឡើយ សួរទៅអ្នក​ណា​ក៏ដូច​អ្នក​ណា​ដែរ មិន​ដែល​ចង់ឃើញមនុស្ស​ដែល​ខ្លួន​ស្រឡាញ់មិន​សប្បាយ​ចិត្ត​ឡើយ ។ ហើយ​ខ្លាំងជាងនេះទៅទៀត បើ​ការមិន​សប្បាយចិត្ត​របស់គេកើត​ឡើងមក​នោះ មា​ន​យើង​ជាដើម​ហេតុ​ទៀត វា​រឹតតែ​មិន​ចង់​ឲ្យ​កើត​ឡើង​សោះ​ឡើយ ។

ជា​ថ្មីម្តង​ទៀត ខ្ញុំ​ត្រូវ​ទទួល​រង​ការឈឺ​ចិត្ត​ជា​លើក​ទី៣ ព្រោះ​បំណង​ដែល​សុំ​ត្រឹម​មនុស្ស​ស្គាល់​គ្នា ទុក​មុខ​ញញឹម​ដាក់​គ្នា​នៅពេលបាន​ជួប ក៏បាន​ត្រូវបាន​បដិសេធ … តាម​រយៈពាក្យ​សម្តី​ជា​ដ៏សែន​គ្រោត​គ្រាត​ជា​ច្រើន​លើក​ច្រើន​សារ​ ។ គេ​ធ្វើ​ឲ្យ​ខ្ញុំ​ហត់ចិត្តណាស់ ហើយ​ធ្វើ​ឲ្យ​អ្វី​ដែលខ្ញុំ​ខ្លាច​កាន់តែ​លេច​រូប​រាង​ចេញមក​ច្បាស់ គឹ​ខ្ញុំ​ខ្លាច​មិន​ចង់​ឲ្យ​ប្រែ​ពីស្នេហា​ទៅជា​សត្រូវ ឬ​ប្រែពីស្រឡាញ់ទៅជា​ស្អប់ឡើយ ។ ដូច្នេះ​មុន​នឹង​រឿង​នេះ​វា​កើត​ឡើង ខ្ញុំ​មាន​តែ​ការកាត់ចិត្ត​ទាំង​ឈឺចាប់ម្តងទៀតចុះ គឺ​ការ​ទទួល​យក​ការពិតមួយ​បែបទៀត ដែល​ខ្ញុំ​ស្នើ​ឡើង គឺ​បញ្ចប់​ទំនាក់ទំនង​គ្រប់បែប​យ៉ាង​ឲ្យ​វា​ចប់ត្រឹម​នេះ​ចុះ ។ ស៊ូធ្វើ​ជាមនុស្ស​មិន​ដែល​ស្គាល់គ្នា​វា​ប្រសើរជាងធ្វើ​ជា​សត្រូវ​នឹង​គ្នា ។ ស៊ូ​រស់នៅ​សក់អ្នក​ណា​ក្បាល​អ្នក​នឹង​ទៅ​វា​ប្រសើរជា ខ្ញុំ​ពិត​ជា​មិន​អាចទទួល​យកបាន​ឡើយ​ បើ​ឲ្យ​ឃើញ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ មកតាំង​ខ្លួន​ជា​សត្រូវ​នឹង​ខ្ញុំ​នោះ ។

សុំ​ត្រឹម​បាន​មើល​ពីចម្ងាយ​ក៏សុខ​ចិត្ត​ដែរ​ បើ​គេ​មិន​ចង់ឲ្យ​យើង​មាន​ទំនាក់ទំនង​គ្នាទៅហើយ ខ្ញុំ​មិ​ន​ចូល​ទៅ​ពាក់ព័ន្ធ​នឹង​ជីវិត​ផ្ទាល់ខ្លួន​របស់គេ​ក៏បាន ។ តែ​សុំ​ត្រឹម​ឲ្យខ្ញុំ​បាន​ឃើញ​គេ​ពីចម្ងាយ​ក៏​ខ្ញុំ​អស់ចិត្ត​ដែរ​ ហើយ​ខ្ញុំ​គិត​ថា​វា​មិន​ច្រើន​ពេក​ទេ កាល​ដែល​សុំ​ត្រឹម​មើល​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ពីចម្ងាយបែបនេះ ។ មិន​ចង់​ឲ្យ​គេ​ប៉ះទង្គិច​អារម្មណ៍​ឡើយ មិន​ចង់ឲ្យ​គេ​ឃើញមុខ​ខ្ញុំ​ឡើយ ព្រោះ​ឃើញ​ហើយ​នាំឲ្យ​នឹក​រឿងចាស់ ធ្វើ​ឲ្យ​មិន​សប្បាយចិត្ត វា​នាំ​ឲ្យ​ប៉ះពាល់​គេ​ជា​ច្រើន ប៉ះពាល់​ជិវិត​របស់នៅ​របស់គេ ធ្វើ​ឲ្យ​គេមិន​សប្បាយ​ចិត្ត​ វា​ប៉ះពាល់​ដល់​ការខិត​ខំប្រឹង​ប្រែង​សម្រេច​គោល​បំណង​ក្នុងជីវិត​របស់គេ ។

តែ​រឿង​វា​មិន​បាន​ចប់ត្រឹម​នេះ​ទេ… ព្រោះ​ខ្ញុំ​នៅ​សាង​បាបកម្ម​មិន​ព្រម​ឈប់​នៅ​ឡើយ ដូច្នេះ​បាបកម្ម​នេះវា​តាមមក​ស្នង​ខ្ញុំ​វិញ​នឹងឯង ។ នៅ​ថ្ងៃដែល​ខ្ញុំ​សម្រេច​ធ្វើ​ការ​ផ្តាច់ទំនាក់ទំនង​រវាងគ្នា​ឲ្យ​សល់ត្រឹម​មនុស្ស​មិនដែល​ស្គាល់គេ​ពីមុន​មក​នោះ នៅ​សុខ​ៗ​ស្រាប់​តែមនុស្ស​ដែល​ខ្ញុំ​ខ្លាច​នោះ​បាន​មក​ ទាក់ទង​និយាយ​តាម​យ៉ាហ៊ូជាមួយ​ខ្ញុំ​ ។ ទទួល​ស្គាល់ថា​ថ្ងៃនោះ​ខ្ញុំ​កំពុង​អារម្មណ៍ក្តៅគគុក​មែនទែន ខ្ញុំ​កំពុង​ខឹង​ច្រឡោត​នឹង​អ្វី​ៗ​គ្រប់​បែប​យ៉ាងនៅជុំវិញ​ខ្លួន​ខ្ញុំ​ ។ ទាំងៗ​ដែល​បាន​គិត​ហើយ​ថា​អហោសិកម្ម​ឲ្យ​គេ​ហើយ បើ​ថ្ងៃក្រោយ​គេទាក់ទង​មក​ខ្ញុំនឹង​មិន​តប​ត​អ្វី​ឲ្យ​គេ​ឈឺ​ចាប់ទៀត​ឡើយ ។ តែ​នោះ​ថ្ងៃនោះ​ខ្ញុំ​នៅ​តែ​ប្រើ​ប្រយោគ​ដដែលជាមួយ​គេ ខ្ញុំ​នៅ​តែ​យក​ការ​ភ្ញាក់រលឹក​កំហុស​ នឹង​ពាក្យ​សុំទោស​របស់គេ​មក​ជាន់ឈ្លី​ទាំងកំហឹង ជះ​មិន​រើស​មុខ ។

ផល​តប​ស្នង​ភ្លាម​ៗ យប់នោះ​ហើយ​ជា​យប់ដែល​ខ្ញុំ​បើក​ភ្នែកទល់ភ្លឺ ព្រោះ​តែមនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ បាន​កំពុង​កែប្រែ​ស្ថាន​ភាព​ពីមនុស្ស​មិន​ស្គាល់គ្នា ឲ្យទៅជា​សត្រូវ​ ឲ្យ​ទៅជាមនុស្ស​ដែល​ស្អប់ តាម​រយៈពាក្យ​សម្តីដ៏សែន​ធ្ងន់ ដែលខ្ញុំ​សឹង​មិន​អាចទប់នឹង​ពាក្យទាំងនោះបាន​ ។ ខ្ញុំ​ស្ទើរ​ស្រែក​យំ​ទ្រហោ​ឲ្យ​ធូរ​ទ្រូងទៅហើយ តែធ្វើ​មិនបាន បាន​ត្រឹម​បៀម​ទុក​ខាំមាត់ នឹង​សម្រក់ទឹក​ភ្នែក​ស្ងាត់ៗម្នាក់ឯង លង់​ងប់នឹង​រូប​ភាព​ល្អែម​ល្ហែមដែលធ្វើ​មាន​ជាមួយ​គ្នា តែ​បែរជា​លេច​ចេញ​មក​ក្នុងពេលដែល​ស្ថាន​ភាព ឬ​សម្ព័ន្ធ​ភាព​ត្រូវបាន​គេ​កែ​ប្រែពី​ស្រឡាញ់ទៅជា​ស្អប់ ។ គិត​ហើយ​គិត​ទៀត តើ​ខ្ញុំ​ខុស​អ្វីហេតុ​អ្វីបានជាមនុស្ស​ដែលខ្ញុំ​ស្រឡាញ់ ស្អប់ខ្ញុំទៅវិញ? វា​ឈឺ​ចាប់ខ្លាំងណាស់ ឈឺ​ច្រើន​ដង​ជាង​លើក​មុន​ទៀត ឈឺ​ច្រើន​ឥតគណនា នៅពេល​ដែល​ក្តី​ស្រឡាញ់​ប្រគល់ជូន​មនុស្ស​ម្នាក់ តែ​បែរជាបាន​ការ​ស្អប់តប​ស្នង​មក​វិញ ។

មួយ​រយៈក្រោយ​មកនេះ នៅពេល​ដែល​ខ្ញុំ​តាំងជំហរ​ខ្លួន​បាន​បន្តិច​ហើយនោះ ធ្វើ​ឲ្យ​ខ្ញុំ​គិត​បាន​ថា ទាំង​នេះ​ជាកម្ម​ពៀរ​តាម​ស្នង​ខ្ញុំ​ហើយ ទើប​ខ្ញុំជួប​រឿង​បែបនេះ គិតបាន​ដូច្នេះ ខ្ញុំ​ក៏ខំ​រម្ងាប់​ចិត្ត​ខ្លួន​ឯង ឲ្យ​ឈប់​ពុះ​កញ្ជ្រោល និង​តាំងជំហរ​ថានឹង​មិន​ចូល​ខ្លួន​ទៅ​ឲ្យ​ស្រឡាញ់​អ្នក ណា​ម្នាក់ច្រើន​ដូច​នេះ​ទៀតឡើយ ។ ការ​ឈឺ​ចាប់​ប៉ុណ្ណេះ​វា​ល្ម​ម​ឲ្យ​ខ្ញុំ​ រៀងចាល​នឹង​រឿង​ស្នេហា​ស្នេហឺត​ រឿង​ស្រឡាញ់​រឿងស្អប់​អីទាំងនេះ ខ្ញុំ​នឹង​ដក​ខ្លួ​ន​ចេញ​ឲ្យ​ឆ្ងាយពីវា​ ។ មិន​មែ​នថា​ខ្ញុំ​គេច​ពីវា​ទេ តែ​ខ្ញុំ​សុំ​ធ្វើខ្លួន​ព្រងើយ​កន្តើយ​នឹង​វា​ទៅវិញ គឺ​បណ្តោយ​ឲ្យ​ទៅតាម​ដំណើរ តាម​កម្ម​តាម​ពៀរ ។ តាំងចិត្ត​ថា​នឹង​មិន​ស្រឡាញ់អ្នក​ណា​ឲ្យ​ច្រើន​ដូច​នេះ​ទៀតហើយ សុំធ្វើ​ការ​ចងចាំរឿង​រ៉ាវ​គ្រប់បែប​យ៉ាង​រវាង​យើង​ទាំងពីរ​ ឲ្យស្ថិត​នៅ​ក្នុង​សភាព​ល្អ​ដដែល ។​ សុំ​ឲ្យ​ពេល​នឹក​ដល់​រឿង​ចាស់​ដែល​យើង​ធ្លាប់បានសាង​រួម​គ្នា ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ធ្វើ​ឲ្យ​ចិត្ត​ដែល​ធ្លាប់​កណ្តោច​កណ្តែងមាន​ភាព​កក់ក្តៅ ។ សុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង នៅពេល​នឹក​ដល់រឿងចាស់ ថា​យ៉ាងហោច​ណាស់ ក៏ខ្ញុំ​បាន​ស្គាល់​ថា​អ្វីទៅជា​សេចក្តីសុខ​ដែល​កើត​ចេញ​ពី​ស្នេហា ខ្ញុំ​ធ្លាប់បាន​ស្គាល់ នឹង​ទទួលបាន​អារម្មណ៍​កក់ក្តៅ​នៅពេល​បាន​ដើរ​ដឹក​ដៃ​មនុស្ស​ដែលខ្លួន​ស្រឡាញ់កាត់ភ្លៀង​រលឹម ធ្លាប់បាន​ដឹង​ពីភាព​កក់ក្តៅនៅពេល​បានគេង​ឲ្យ​មនុស្ស​ដែលខ្លួន​ស្រឡាញ់​នៅក្នុង​រង្វង់ដៃ​ពេញ​មួយ​យប់ ខ្ញុំ​ធ្លាប់​បាន​ដឹង​ពី​ភាព​ផ្អែម​ល្អែមដែល​ទទួលបាន​ពីការថើបមនុស្ស​ដែលខ្លួន​ស្រឡាញ់ សេចក្តីសុខនៅពេលបាន​ប្រឡែង​លេង​គៀក​កើយ​មនុស្ស​ដែលខ្លួន​ស្រឡាញ់ ។ល។

បន្ថែម​ពីសេចក្តីសុខ​ខាង​លើ គឺ​សេចក្តី​សុខ​ដែលបាន​ឃើញ​ នឹ​ង​ដឹងពីដំណឹង​ សុខ​ទុក្ខមនុស្ស​ដែលខ្លួន​ស្រឡាញ់ ទោះ​ជា​ការ​លួច​មើល​គេ​ពីចម្ងាយ​ក៏ខ្ញុំ​អស់ចិត្ត​ដែរ ។ ជា​រៀង​រាល់ថ្ងៃ ខ្ញុំ​តែ​លួច​មើល​គេ​តាម​វិធីផ្សេងៗ​ ដោយ​ព្យាយាម​អស់ពីសមត្ថភាព​ថាមិន​ឲ្យ​គេ​ដឹង​ខ្លួន ព្រោះមិន​ចង់​រំខាន​គេ​ឡើយ ។ ​មាន​ពេល​ខ្លះ​ខំ​ធ្វើដំណើរ​កាត់ផ្លូវ​មុខ​ផ្ទះគេ ក៏​ធ្វើ​ឲ្យខ្ញុំបាន​ធូរស្បើយ​ចិត្ត​នឹក​បាន​ខ្លះ បាន​មើល​ដំបូលផ្ទះ​ពីចម្ងាយ​ក៏ធ្វើឲ្យខ្ញុំ​ល្ហែល្ហើយ​ចិត្ត​បាន​ខ្លះ ។

មិន​ដឹង​ពីមួល​ហេតុអ្វី ឬ​ជាកម្ម​ដែល​ខ្ញុំ​ត្រូវ​សង​មិន​ទាន់អស់ក៏មិនដឹង នៅពេល​នេះ ហាក់ដូច​ជា​សាមីខ្លួន​គេ​បាន​ដឹង​ខ្លួន ថា​ខ្ញុំលួច​មើល​គេ ទើប​បាន​ជា​គេ​គេច​ គេ​លាក់ខ្លួន គេ​ធ្វើ​ឲ្យ​សេចក្តី​សុខ​បន្តិច​បន្តួច​ដែលខ្ញុំ​នៅមាន​សេស​សល់ កំពុង​រលាយ​បាត់​បន្តិច​ម្តងៗ ជំនួស​មកវិញ​នូវ​មន្ទិលក្នុងចិត្ត​ ជំនួស​មកវិញ​នូវ​ចិត្ត​នឹក ។ ខ្ញុំ​មិន​ដឹង​ថា​ជា​ចេតនា​ ឬ​ជា​រឿងចៃដន្យ​អ្វី​ឡើយ​ ដឹង​ត្រឹម​ថា​នៅពេល​ដែល​សុំ​ត្រឹម​លួច​មើល​ពី​ចម្ងាយ​ក៏ត្រូវ​បាន​គេ​បដិសេធទៀត វា​ឈឺចាប់ណាស់ វា​ដូច​គេ​ខ្វេះភ្នែក វា​ដូច​ជា​ខ្លួន​កំពុង​ឈរ​នៅក្នុង​វាល​លំហរ​មួយ​គ្មាន​កោះ​ត្រើយ ងងឹត​សួន្យ​សុង រក​តែ​ចំណុច​ពន្លឺតូច​មួយ​ដើម្បី​កម្តៅ​បេះ​ដូង​រងារមួយនេះ​មិនបាន​ឡើយ ។

ឃើញ​ជាក់ច្បាស់រឿង​កម្ម​តាម​ស្នង​បែប​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភពីគេ​ខ្លាំងណាស់ បារម្ភ​ថាបើ​ជា​ចេតនា​របស់គេ​មែន បារម្ភ​ថា​ថ្ងៃ​ក្រោយ​គេ​នឹង​រង​បាបកម្មទាំងនេះ​តប​ស្នង មិន​ចង់​ឲ្យ​មនុស្ស​ដែលខ្លួន​ស្រឡាញ់ជួប​ប្រទះ​រឿងបែបនេះឡើយ ចង់ ឃើញមនុស្ស​ដែលខ្លួន​ស្រឡាញ់​មាន​សេចក្តីសុខ មាន​ស្នាម​ញញឹម​ដ៏ស្រស់ស្អាត​ដូច​កាលពីមុន នឹងមាន​អនាគតស្រស់ថ្លាជានិច្ច ។ ដូច្នេះ​អ្វីដែលខ្ញុំ​អាចធ្វើបាន​ គឺបាន​ត្រឹម​ភាវនា​ អហោសិកម្ម មិន​ចង់ចិត្ត​គុំកួន នឹង​មិន​ផ្លាស់ចិត្ត​ឲ្យ​ទៅ​ជា​ស្អប់ឡើយ មិន​រាប់ជាសត្រូវ គឺ​នៅ​រក្សា​ចិត្ត​ស្រឡាញ់​ដូច​ដើម ។

មិន​ដឹង​ថា​មាន​អ្នក​ណា​បាន​អាន​​ មក​ដល់​ត្រឹម​នេះ​ខ្លះទេ…​ តែ​បើ​មានអាន​មក​ដល់​ហើយ ប្រហែលមាន​អ្នក​សើច ប្រហែល​មាន​អ្នក​យំ អាច​មាន​ពេបមាត់ អាចមាន​ហួសចិត្ត ។ល។ ទាំងនោះ​វា​អាស្រ័យ​ទៅ​តាម​បុគ្គល​ផ្សេងៗ  តែ​ខ្ញុំ​សុំ​ចិត្ត​តែម្យ៉ាងទេ សុំ​កុំ​ព្យាយាម​គិត​ថា​មនុស្ស​ដែលខ្ញុំ​និយាយ​ខាង​លើ សំដៅទៅអ្នក​ណា​ ឬ​មេត្តា​កុំ​សួរ​ថា​អ្នក​ទាំង​នោះជា​អ្នក​ណា ព្រោះដូច​បាន​រៀប​រាប់ពីខាង​ដើម​ស្រាប់ ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​ដែលខ្ញុំ​ស្រឡាញ់​មិនសប្បាយ​ចិត្ត​ឡើយ ដូច្នេះសូម​មេត្តា​កុំ​ដៅ​ ឬ​ស្មាន​ ឬ​សួរនាំ​ ។ សុំ​គិត​ត្រឹម​ថា អាន​ប្រលោម​លោក​ខ្លាន​ខ្លីមួយ​រឿង អាន​កម្សាន្ត​លេង​កែអផ្សុក អាច​ហើយ​ក៏ចប់ត្រឹមនេះ​ចុះ ។

ស្រឡាញ់មនុស្ស​ម្នាក់​ហេតុ​អ្វី​ក៏ពិបាកយ៉ាងនេះ? ហេតុ​ដែល​ស្រឡាញ់គឺ​ស្រឡាញ់ ស្រឡាញ់​ព្រោះ​តែ​ស្រឡាញ់ … ព្រោះ​ស្រឡាញ់គឺ​ជា​ហេតុ​ដល់​នៃ​ការ​ស្រឡាញ់ … នោះទើប​ស្រឡាញ់​ហើយ ​មិន​មាន​ការ​ស្តាយ​ក្រោយឡើយ​ ៚

Share
This entry was posted in [V]-idea, [V]-this & That, [V]-writing. Bookmark the permalink.

8 Responses to ព្រោះ​ពាក្យ​ថា​ស្រឡាញ់គឺ​ជា​ហេតុ​ផល​នៃ​ការ​​ស្រឡាញ់

  1. សរសេរ​លេង​អី​វែង​អន្លាយ​យ៉ាង​នេះ?

  2. vRYA says:

    @ទឹម បឿន: មិន​ច្រើ​ន​អី…មាន​វែង​ជាង​ហ្នឹង​ច្រើន​ដង​ទៀតនោះ ហាហាហា នេះ​ជា​វិធីសាស្ត្រ​ដោះ​ស្រាយភាព​តាម​តឹង​ក្នុងអារម្មណ៍ ឬ​នៅ​ពេល​មាន​គំនាប​​ខ្លាំង​ពី​ខាង​ក្រៅ ។ សរសេរ​ សរសេរ​ សរសេរ ….

  3. រដ្ឋ says:

    ស្នេហា​ដែល​បែក​បាក់​ទៅ​វិញ មាន​មូលហេតុ​ច្រើន​យ៉ាង តែ​ខ្ញុំ​អាន​បាន​តែ​មួយ​កំណាត់​នៃ​អត្ថបទ​ខាង​លើ​ទេ ព្រោះ​មួយ​កំណាត់​ក្រោម​សុទ្ធ​តែ​ជា​រឿង​បាបកម្ម ហេហេ…។ ភាគច្រើន​រាល់​គ្នា​បាន​ភ្លេច​គិត​លើ​ពាក្យ​ថា “អស់​ស្រលាញ់” ឲ្យ​តែ​អស់​ស្រលាញ់​ហើយ ទោះ​រស់​នៅ​ជា​ដៃគូ​ប្ដី​ប្រពន្ធ​ក៏​គង់​វិសៗ​បែក​គ្នា​ដែរ… តើ​មាន​អ្វី​សម្រាប់ recharge ក្ដី​ស្រលាញ់​ឲ្យ​មាន​ថ្ម​ពេញ​ដូច​សាក​ទូរស័ព្ទ​ដែរ​ទេ? ពិត​ជា​មិន​មាន​ទេ ព្រោះ​ក្ដី​ស្រលាញ់​ជា​ធម្មជាតិ ។

    (-)<______________>(+)

    ការ​ស្រលាញ់​លើក​ដំបូង គឺ​វគ្គ​ផ្អែម​ល្ហែម​ណាស់ ក្រោយ​មក​ក៏​ថយ​ចុះ​ខិត​ទៅ​រក​ចំណុច ០ បើ​ទៅ​ដល់​ចំណុច​ក្រោម​សូន្យ​ទៀត​បាន​យ៉ាប់​ខ្លាំង កែ​លែង​ឡើង​ហើយ ។ ណឺត គឺ​ស្នេហា​ដើរ​ដល់​ចំណុច ០ យើង​ខ្លួន​អែង​ប្រាកដ​ជា​ដឹង… ចួរ​កុំ​ធ្វើ​ឲ្យ​ស្នេហា​ខិត​ទៅ​ចំណុច​ណឺត​នេះ​ឲ្យ​សោះ ព្រោះ​វា​ពិបាក​ស្ដារ​ណាស់ ។ គេ​តែង​និយាយ​ថា ស្នេហា​ច្រើន​តែ​ចាប់​ផ្តើម​ពី ១០០ ទៅ ០ … បើ​យើង​ដឹង​ច្នោះ​ហើយ​ហេតុ​អ្វី​មនុស្ស​គ្រប់​គ្នា​មិន​ខិត​ខំ​ផ្តើម​ពី​ ០ ទៅ ១០០ វិញ ក្រែង​អាច​ជា​វិធី​ល្អ​ប្រសើរ​ជាង ព្រោះ​វា​ជា​ការ​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ដូច​យើង​ដាក់​លុយ​ក្នុង​កូន​ជ្រូកអ‍៊ីចឹង យើង​នឹង​ឃើញ​លទ្ធផល​ចុង​ក្រោយ ។ [...]

    • vRYA says:

      ជ្រុល​អាន​បាន​ពាក់កណ្តាល​ហើយ​មិនអាន​ឲ្យ​អស់…ហាហាហា ថា​លេង​ទេ..
      តាម​ពិត​រឿង​បាប​កម្ម​នោះ​ខ្ញុំ​ក៏មិនមែន​ជាមនុស្ស​ងប់ងុល​ជឿ​អ្វី​ដែល​គ្មាន​ហេតុ​ផល​ទាំងស្រុង​ដែរ គ្រាន់តែ​វា​ឃើញ​ផលដែល​កើត​ចេញ​ពី​អំពើ ឬ​កម្មដែល​ខ្ញុំ​ធ្លាប់​បាន​ប្រព្រឹត្ត​មក​ស្តែងពេក ស្តែង​រហួត​ពិបាក​ប្រកែក….
      និយាយ​រឿង​ពី ០​ ទៅ ១០០ ឬ ១០០ ទៅ​ ០ ខ្ញុំ​ជឿ​ថា​ភាគីទាំងសង​ខាង​មាន​លទ្ធភាព​ជួយ​ស្រោច​ស្រង់បាន ប្រសិន​បើគេ​នៅ​មាន​ចិត្ត​ស្រឡាញ់សេសសល់ តែ​បើ​ប្រឹង​តែ​ម្ខាង​ វា​មិន​ខុស​ពី​ទះដៃ​ម្ខាង​នោះឡើយ ផ្ទៀង​ស្តាប់​ទាល់​តែ​រឹង​ត្រចៀក​ ក៏​វា​គ្មាន​សម្លេង​ឮ​ដែរ ឮ​តែ​ខ្យល់ ។
      សរុប​ឲ្យ​ខ្លី​វា​មាន​តែ​ចូល​លក្ខណៈម្យ៉ាង​ដែល​ហៅ​ថា “អស់ស្រឡាញ់” នោះឯង ៚
      ហេហេហេ ទើប​អាច​អត្ថបទ​មួយ​ទាក់ទង​រឿង​ស្នេហា​ហ្នឹង​ទៀត​ហើយ ចាំ​ទំនេរចាំ​រ៉ាយរ៉ាប់ “​ស្រឡាញ់ចេញ​ពី បេះដួង? មាត់? ឬ​ ខួរក្បាល”

  4. Nimol says:

    Some parts are similar to my story.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>