ចំណងជើងរឿងនេះបកប្រែជាខ្មែរ ៖ “ល្បិចកលស្រីស្អាត” បកប្រែបញ្ចូលសំឡេងដោយក្រុមហ៊ុន សាន់ដេ និងកំពុងបញ្ចាំងតាមកញ្ចប់ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ។ ជារឿងតែងផ្អែកតាមប្រវត្តិសាស្ត្រពិតរបស់ចិន បញ្ចូលសិល្បវិធីតែងនិពន្ធដ៏ចំណានបានក្លាយជាប្រលោមលោកមួយយ៉ាងប្រណិត ។ សុំមិនរៀបរាប់ច្រើនទេព្រោះរឿងដែលចង់និយាយបែកផ្សេងបន្តិច អាចអានបន្ថែមបានក្នុងវីគីផេឌៀ តែសុំទទួលស្គាល់ថាពិតជាល្អមើលមែនទែន ពីមួយភាគទៅមួយភាគតាមដានមិនឲ្យដាច់ មើលបណ្តើរតឹងទ្រូងនឹងបញ្ហាចាក់ស្រេះមិនចេះចប់ ។ រឿងនេះសាងចេញពីសៀវភៅ “Xiao Qiying’s short story Turbulence in the Empress’s Chamber (未央沉浮)”
តែនិយាយទៅនិយាយមកទោះជារឿងធំប៉ុនមហាមេឃ ក៏ការដែលទាញសាច់រឿងឲ្យរឹតតែស្វិតស្មាញមកបន្ថែមបានមួយកម្រិតទៀតនោះគឺ ការយកស្នេហាមកបញ្ចូលតែម្តង ។ ដូចជាក្នុងរឿងខាងលើនិយាយពីជំនាន់រាជវង្សហាន (Han Dynasty) ស្តេចមួយជំនាន់ទៅមួយជំនាន់មានស្រីស្នំត្រៀមសម្រាប់បម្រើ ចំនួន ៣០០០ នាក់ ហើយបញ្ហាជារឿយៗតែងកើតមានឡើងនៅខាងក្រោយវាំង (ឬក្នុងវាំង) ដែលមិនមែនជាការងារសន្តិសុខជាតិទេ គឺរឿងឈ្លោះដណ្តើមហែកហួគ្នារឿងតំណែងរបស់ប្រពន្ធស្តេចទាំងនោះ បន្ទាប់ពីតំណែងខ្លួនរឹងប៉ឹងហើយ គឺត្រូវកាងតំណែងសម្រាប់កូនទៀត ។
រឿងខាងលើបានលើកឡើងតាំងតែពីដំបូង កាលដែលមហាក្សត្រីយានីមួយអង្គ ការពារតំណែងស្តេចឲ្យកូនបានប្រែក្លាយខ្លួនជាមនុស្សសាហាវ សម្លាប់មិនរើសមុខ រហូតមានឈុតមួយនោះគាត់ហួសចិត្តខ្លួនឯងពេក ក៏សួរខ្លួនឯងថា “ឯងជាមនុស្សស្រីមែនទេ? ម៉េចក៏ឯងសាហាវម៉្លេះ?” សួរទាំងអស់សំណើចហួសចិត្ត ។ ព្រោះតែមហិច្ឆតា តែកូនប្រុសគាត់ដែលជាស្តេចនោះបែរជាសុំចាកចេញពីតំណែងធ្វើជារាស្ត្រសាមញ្ញវិញ ។ ទោះយ៉ាងណាក៏ដោយម្តាយនោះប្រហែលមកពីពាក្យថា ឡើងជិះលើខ្នងខ្លាហើយមិនអាចចុះវិញបាន បានជាគាត់នៅក្រាញននៀលរស់នៅក្នុងភាពកាចសាហាវរហូតដល់ថ្ងៃស្លាប់ — បន្ទាប់ពីកូនចាកចេញពីតំណែងស្តេចបាត់ទៅ គាត់នៅបានស្ថាបនាស្តេចក្មេងដែលជាអាយ៉ង (Nominee) របស់គាត់បានពីរ បីនាក់ទៀត ហើយព្រោះចង់តែបន្តពង្រឹងនយោបាយ ការស្លាប់របស់គាត់មិនបានធ្វើបុណ្យ ឬឲ្យប្រជារាស្ត្រកាន់ទុក្ខបានឡើយ ស្លាប់ទាំងមិនសមជាតំណែងរបស់គាត់ លាក់លៀមស្ងាត់ៗតែក្នុងវាំង ។
ចូលដល់រឿងស្តេច និងម្ចាស់ក្សត្រីយ៍ដែលជាតួឯកក្នុងរឿង បានឈ្មោះថាស្រឡាញ់ស្មោះស្ម័គ្រ ក៏នៅមិនអាចចៀសរួចពីរឿងបង្កឡើងដោយស្រីស្នំ ចំនួន ២៩៩៩ នាក់ទៀតមិនរួច ។ ហើយនៅពេលរឿងគ្រប់យ៉ាងដំណើរទៅស្រួលហើយ ការទុកចិត្តគ្នាទៅវិញទៅមកនៅតែមិនទាន់ស្ថិតនៅក្នុងកម្រិត ១០០ភាគរយ ។ រឿងហេតុចេះតែកើតមានឡើងមិនចប់មិនហើយ ។ មានឈុតផ្អែមល្អែមជាច្រើនរវាងតួឯកទាំងពីរនេះ ធ្វើឲ្យមើលហើយនឹកដល់រឿងរ៉ាវមួយចំនួន ដែលធ្លាប់កើតមានឡើងចំពោះខ្លួនឯង ។ល។ ហើយសម្រេចចិត្តសរសេរ Post មួយនេះទុកគ្រាន់អានុស្សាវរីយ៍សម្រាប់រំលឹករឿងមួយនេះ ។


អានសាច់រឿងសង្ខេប Wikipedia / Other Website / OFFICIAL WEBSITE / និងចុចខាងក្រោមការយល់ឃើញផ្ទាល់ខ្លួនខ្ញុំ


នៅពេលអានសាច់រឿងតាមអ៊ិនធើណិត ដឹងថាជារឿងដែលផ្អែកលើប្រវត្តិសាស្ត្រ ពិតធ្វើឲ្យឃើញពីទំហំការលះបង់ ការតស៊ូជាច្រើន នឹងយកមកប្រើធៀបនឹងរឿងបច្ចុប្បន្ន ដែលខ្ញុំបានដឹង រឹតតែធ្វើឲ្យចាប់អារម្មណ៍នឹងរឿងខាងលើនេះកាន់តែខ្លាំងឡើង ។ ការតស៊ូដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ដើម្បីកូន ។ល។ តែភាគច្រើនសុទ្ធសឹងតែត្រូវបានគេមើលឃើញថា ជាមហិច្ឆតាសម្រាប់ខ្លួនឯងទាំងស្រុង ។ ការលើកយកបង្ហាញពីជិវិតពិតរបស់ស្តេច ឬអ្នកដឹងនាំ ដែលចំណងបញ្ហានៅក្នុងគ្រួសារមានច្រើនចាក់ស្រេះដោះមិនរួច ។ ជាពិសេសលើកឡើងពីជិវិតចុងក្រោយរបស់អ្នកដឹកនាំ ឬអ្នកកាន់អំណាច ធ្វើឲ្យឃើញមួយបែបទៀត គឺបែបដែលគួរឲ្យអាណិត គឺឲ្យសង្វេគនឹងជិវិតរបស់ពួកគេទៅវិញ ។
មានឈុតមួយនៅពេលដែលប្រឈមនឹងឧបសគ្គច្រើនដងមក តួឯកទាំងពីរសុទ្ធតែហត់រៀងៗខ្លួន តួប្រុស(ស្តេច)បានសុំប្រពន្ធខ្លួនដេកកើយភ្លៅ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងចិត្ត ។ នៅពេលម្ចាស់ក្សត្រីយ៍ជួបរឿងជាច្រើន ក៏បានឱបប្តីដើម្បីទទួលភាពកក់ក្តៅ បន្ទាប់ពីឃើញថានៅជុំវិញខ្លួន ពិបាកនឹងរកមនុស្សទុកចិត្តបានណាស់ នៅជុំវិញខ្លួនសុទ្ធតែជាគ្រោះថ្នាក់ ។ អ្នកទាំងពីរបាននិយាយគ្នាថា សុំត្រឹមគេទាំងពីរនៅក្បែរគ្នា តស៊ូជាមួយនោះ នោះមិនថាលទ្ធផលថ្ងៃក្រោយប្រែទៅជាអ្វីទេ គេនឹងអស់ចិត្តដែរ ។
ត្រង់ចំណុចមួយនេះហើយ បានធ្វើឲ្យនឹកឃើញរឿងមួយស្នេហាមួយគូ ស្រដៀងណឹងដែរ នៅពេលដែលដឹងថាជីវិតស្នេហារបស់ខ្លួន នៅថ្ងៃខាងមុខពោរពេញដោយឧបសគ្គជាក់ជាមិនខាន កាលនោះគេម្នាក់នោះបានចាប់ដៃមនុស្សដែលខ្លួនស្រឡាញ់ សុំគេថា មិនថានៅថ្ងៃក្រោយមានរឿងអ្វីទេ សុំឲ្យយើងទាំងពីរនាក់ តស៊ូដោះស្រាយជាមួយគ្នា នោះបើទោះចុងក្រោយលទ្ធផលវាចេញទៅជាយ៉ាងម៉េច ក៏គេមិនស្តាយដែរ ។ គេសុំព្រោះគេធ្លាប់បានជួបឧបសគ្គជាច្រើនកន្លងមកហើយ នឹងព្រមទាំងបានស្វែងយល់ពីបញ្ហាជីវិតគូរបស់គេទៅថ្ងៃខាងមុខ ថានឹងមានអ្វីកើតឡើងខ្លះ ។ ឃើញថាផ្លូវទៅខាងមុខពិតជាមានរឿងជាច្រើនរង់ចាំគេ តែនៅពេលនោះគេប្រហែលជាគិតដូចតួក្នុងរឿងចិនខាងលើដែរ “មិនថាមានរឿងអ្វីកើតឡើងទេ មិនថាវាធំប៉ុណ្ណាឡើយ ទោះទៅថ្ងៃក្រោយឲ្យប្តូរទាំងជីវិតក៏មិនស្តាយ គេនឹងស៊ូទៅខាងមុខជានិច្ច ស៊ូដើម្បីបានជួបថ្ងៃអនាគតខាងមុខជាមួយមនុស្សម្នាក់ដែលខ្លួនស្រឡាញ់ និងជឿជាក់ថាពិតជាស្រឡាញ់គេវិញដែរ” ។
ពាក្យសម្តីឆ្លើយយល់ព្រម ពាក្យសាសងផ្អែមល្អែម ពាក្យពីរម៉ាត់ប្រាប់ “ស្រឡាញ់” និង “នឹក” បូករួមកាយវិការបញ្ជាក់ពីភាគស្ម័គ្រចិត្ត ភាពទប់ភ្លន់ ជិតស្និត កៀកកើយ ។ល។ របស់មនុស្សដែលគេស្រឡាញ់ បានធ្វើឲ្យគេជឿជាក់យ៉ាងច្បាស់ថា ការតស៊ូរបស់គេនៅថ្ងៃខាងមុខពិតជាមានន័យ គេនឹងមិននៅឯកោម្នាក់ឯង ដូចដែលគេធ្លាប់ខ្លាចពីមុនទៀតឡើយ ។ ជាស្វ័យប្រវត្តិ ចិត្តស្រឡាញ់ ការជឿជាក់ ដែលមានទាំងបានប៉ុន្មានត្រូវបានប្រគល់ឲ្យអស់ដោយមិនបានទុកបន្តិចសោះណាឡើយសម្រាប់ខ្លួនឯង ឲ្យទៅដោយមិនគិតពីលទ្ធផលចុងក្រោងថា នឹងមានរឿងអ្វីកើតឡើងចំពោះខ្លួន ឲ្យទៅដោយមិនទុកខ្លះសម្រាប់តែការស្រឡាញ់ខ្លួនឯង ។ មិនដឹងថាពាក្យសម្តី ឬទង្វើទាំងនោះធ្វើឡើងក្នុងន័យពិត ឬជាការសម្តែងទេ តែគេបាន ធ្វើឲ្យមនុស្សម្នាក់ ដាក់ចិត្តប្រឹងតស៊ូគូសវាសប្លង់អនាគតជីវិតរបស់ខ្លួនដោយអស់ពីចិត្ត ។
ស្រឡាញ់ខ្លាំងប៉ុណ្ណាឈឺចាប់ច្រើនប៉ុណ្ណឹង ប៉ងច្រើនប៉ុណ្ណាខកចិត្តក៏ច្រើនប៉ុណ្ណឹងដែរ ។ ឈឺឡើងរអារ ឈឺឡើងចង់សុំស្មាលា លែងចង់យល់ លែងចង់ផ្តើមរឿងបែបនេះ ជាមួយនរណាម្នាក់ទៀតឡើង ព្រោះខ្លាចកង់ប្រវត្តិសាស្ត្រវិលចំស្នាមចាស់ម្តងហើយម្តងទៀត ព្រោះខ្លាចនឹងការជឿជាក់របស់ខ្លួន ព្រោះខ្លាចនឹងជឿទុកចិត្តពាក្យសម្តីរបស់មនុស្ស ព្រោះលែងទុកចិត្តសេចក្តីស្រឡាញ់ដែលខ្លួនប្រគល់ និងបានទទួល ។ ស្រឡាញ់ហើយហេតុផលលែងមាន ពាក្យត្រូវណាស់ ព្រោះនៅពេលនេះ ទោះខំយកហេតុផលច្រើនម៉ឺនពាន់មកចាក់ស្រោចដាក់ក្បាល ក៏នៅមិនអាចជួយអ្វីបានឡើង មិនអាចបញ្ជាចិត្តហាមនឹកមនុស្សដែលខ្លួនស្រឡាញ់ មិនអាចយកហេតុផលអាក្រក់របស់គេមកឃាត់ឃាំងចិត្តស្រឡាញ់បាន ។ អ្វីដែលអាចធ្វើទៅបានគឺមានតែសម្រួលចិត្តដូចពាក្យដែលបានិយាយខាងលើ ផ្សាំខ្លួនឲ្យស៊ាំនិងអ្វីដែលហៅថាការពិតគឺជាផ្លូវប្រសើរបំផុត កាតពិតដែលនឹក ខ្លាច លែងជឿជាក់ លែងទុកចិត្ត និងការពិតដែលស្រឡាញ់ … ថ្នាំតែមួយមុខគត់មានប្រសិទ្ធិភាពបំផុតសម្រាប់ព្យាបាលជំងឺនេះគឺ “ពេលវេលា” ។
“Only Change is Unchanged” ពាក្យនេះពិត គឺពិតមិនអាចប្រកែកបាន អ្វីៗក៏អាចកើតឡើង អ្វីដែលវានឹងកើត វាត្រូវតែកើត ដោយមិនអាចហាមឃាតបាន អ្វីដែលអាចធ្វើទៅបានគឺការធ្វើចិត្តទទួលយកការពិត ទទួលយករឿងដែលបានកើតមានឡើង ។ មិនដឹងថាសាច់រឿងនេះទៅខាងមុខវាទៅជាយ៉ាងណាទៀតទេ មានតែរង់ចាំតាមដានបន្ត ព្រោះនៅថ្ងៃនេះ ២០ មិថុនា ឆ្នាំ ២០១០ គេលេងបាន ២៧ ភាគទៅហើយ នៅសល់តែ៣ភាគទៀតនឹងដឹងហើយ ។ រឿងប្រវត្តិសាស្ត្រជាមេរៀនសម្រាប់ចប្ចុប្បន្ន និងអនាគត ។ មើលរឿងខាងលើនេះក្រៅពីការកម្សាន្តពេលទំនេរល្ងាចៗនៅផ្ទះហើយ នៅបានគំនិតគិតជាច្រើន … ពិតជាមិនខកបំណងមែនបានមើលរឿងមួយនេះ! មានឱកាសគួររកដោនឡូតមកមើលតាម youtube+Eng. Sub ធានាថាជក់ចិត្ត និងចំណេញគំនិតគិតជាច្រើន ។

