ថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំនេះគិតថាមិនដើរលេងទៅណាទេ ព្រោះមានភារកិច្ច (កាតព្វកិច្ច) ត្រូវធ្វើខានមិនបាន រង់ចាំខ្ញុំនៅថ្ងៃអាទិត្យខាងមុខនេះហើយ (១៦ ឧសភា) … ម្យ៉ាងនឹកមិនចង់ដើរច្រើនដូចឆ្នាំមុនទេ វាដូចមានអ្វីម្យ៉ាងធ្វើឲ្យគិតដល់រឿងចាស់មកវិញមិនឈប់សោះ ប្រឹងហើយខំទៀត តែនៅតែនឹក ខំធ្វើខ្លួនឲ្យរវល់ហើយនៅតែគិត… ។ តែមកព្រឹកមិញ (១៣ ឧសភា) មកពីហាត់ប្រាណវិញ ស្រាប់តែបងប្រុសប្រាប់ថា ឲ្យទៅដឹកម៉ាក់ពីក្លឹបហាត់ប្រាណមក ព្រោះណាត់គ្នាហើយថាទៅកំពត ។ ខ្ញុំរេរាដែរព្រោះមិនដឹងថាត្រូវទៅ ឬមិនទៅ ព្រោះមានការងារត្រូវធ្វើច្រើនដែរ ។ តែគិតថាឈប់បុណ្យ ៥ថ្ងៃ ចង់ដើរលេងជួបជុំបងប្អូនដែរ ហោចណាស់បានមួយថ្ងៃ ។ អញ្ចឹងក៏សម្រេចចិត្តទៅនឹងគេទៅ ។
តាមផ្លូវជាលេខបី មួយកំណាត់ផុតពីបំបែកអង្គតាសោមមក ផ្លូវកំពុងធ្វើហុយសម្បើមណាស់ ជិះមើលផ្លូវមិនឃើញទេ ។ តាមថាគួរតែវៀងទៅផ្លូវថ្មី (បំបែកគុស) តម្រង់ទៅរោចចក្រស៊ីម៉ង់ត៍ K Cement ទៅដល់កែបផ្លូវរលោងព្រិល គ្រាន់តែរយៈចម្ងាយវាច្រើនជាប្រហែល ៣០ គម.។
សម្រេចសម្រួលមកតាមផ្កូវជាតិលេខបីហ្នឹង យឺត ហើយហុយរកមើលផ្លូវសឹងមិនឃើញ ។ ដូចឃើញក្នុងរូបស្រាប់ …លទ្ធផលកញ្ចក់ឡានពេលមកដល់ផ្លូវចូលទឹកឈូ ។
មានបងប្អូនដែលគាត់មានដីមួយប្លង់ជាចម្ការធូរេន នៅម្តុំទឹកឈូហ្នឹងដែរ អញ្ចឹងក៏ប៉ងថាទៅលេងចម្ការធូរេននោះ ។ តែទៅដល់ត្រូវបានអាក់ខាន ដោយដីនោះនៅក្នុងការដ្ឋានសំណង់ទំនប់វារីអគ្គិសនីកំចាយ ។ គេមិនឲ្យយើងចេញចូលតាមទំនើងចិត្តទេ ទោះមានដីនៅក្នុងបរិវេណនោះក៏ដោយ គេឲ្យដើរចូលទៅ មិនឲ្យយកឡានចូលទៅច្រើនគ្រឿងគេ គេថាវារាំងស្ទះការងារសាងសង់របស់គេ ។ ដោយឡានដែលខ្ញុំជិះបានមកដល់មុនគេ អញ្ចឹងទៅក៏បានចូលទៅលុកលុយចម្ការមុនគេ ។ តែឡានមកក្រោយ ៤គ្រឿងទេ គេមិនឲ្យចូលអញ្ចឹងក៏បកដំណើរថយក្រោយវិញទាំងអស់គ្នា មកបាយថ្ងៃត្រង់នៅទឹកឈូវិញ ។
ការដ្ឋានសំណង់នៅចំពីមុខដីតែម្តង!
ធូរេនក្នុងចម្ការច្រើនគួរសម តែអ្នកយាមចម្ការមិនដឹងទៅណា រកមិនឃើញអញ្ចឹងឃើញបានត្រឹមឃើញ មិនចេះមើលថាមួយណាអាចបេះបាន ។
បងប្រុសខ្ញុំ និងប្អូនថ្លៃ ពិនិត្យទយទៅទយមក វិភាគមិនចេញទេ មិនដឹងណាមួយបេះបាន ណាមួយនៅខ្ចី!
ប្អូនស្រីជីដូនមួយ កំពុងចង្អុលសួរមួយណាបេះបាន ហាហាហា ចៃដន្យសួរប៉ះសុទ្ធតែអ្នកមិនដឹង
ឡូយម៉ាក់ខ្ញុំឯណេះទេ! ទៅចម្ការធូរេនបេះបានល្ហុងពេញដៃ! ហាហាហា
បកមករកធូរេនទឹកឈូវិញប្រសើរជាង … អ្នកលក់នៅទឹកឈូប្រាប់ត្រង់ថា ខ្ញុំមិនសូវចូលចិត្តការលក់ដូររបស់ពួកគាត់សោះ
ទីមួយ…ពួកគាត់និយាយហៅម៉ូយឮៗណាស់ ឡើងទ្រហឹង ទីពីរ…គាត់ចូលចិត្តរោម (ហាហាហា) រកតែស្តាប់រកតែងាកខ្លួនមិនរួចទេ ឲ្យប្រញ៉ី! ទី…៣ លក់ដូចៗគ្នា ហើយមកច្រើនអញ្ចឹងមិនដឹងជួយអ្នកណាទិញអ្នកណីទេ!
ទីបួន… គាត់កាត់ថ្លៃច្រើនគួរសមដែរ ធ្វើឲ្យការទិញដូរត្រូវធ្វើការតវ៉ាតម្លៃឲ្យស្វិតស្វាញបន្តិច
ទីប្រាំ … អាចជាទីចុងក្រោង គឺពួកគាត់ចូលចិត្តនិយាយភាសាចិនមករកខ្ញុំណាស់! ខ្ញុំស្តាប់មិនដឹងរឿងទេ…ស្មែរអង្គរដូចខ្ញុំឯណាទៅចេះចិន! ហាហាហា
ចំណុចល្អតែមួយគត់របស់អ្នកលក់ទំនិញនៅទីមួយ ហើយប្រហែលជាចំណុចពិសេសផងដែរ គឺទំនិញដែលជាផលកសិកម្មរបស់គាត់ ថ្មី ស្រស់ ដាំ ឬយកពីតំបន់នោះ ហើយរស់ជាតិឆ្ងាញ់តែម្តង! អញ្ចឹងទោះមិនពេញចិត្តច្រើនរឿង ក៏នៅតែចូលចិត្តទៅដើរទិញដើរញ៉ាំនៅកន្លែងនោះដដែល ។
ទម្រាំបានបាយម៉ោងជិត១ថ្ងៃរសៀលទៅហើយ! ព្រោះតែតថ្លៃផ្លែឈើ នឹងជក់មាត់នឹងធុរេនកំពតខ្លាំងពេក ហាហាហា
ផ្កាស្មៅ
ផ្កាសំបកធូរេន!

ក្រុមហ៊ុនចិនអត់មានដាក់អក្សរខ្មែរបន្តិចសោះ ហើយទឹកឈូរមានទឹកថ្លាអត់ទេ លោកប្អូន?
ទឹកឈូអត់មានទឹកទេបង! ព្រោះគេទប់ទឹកអស់ហើយហ្នឹង មានឃើញទឹកដក់តិចៗប្រហែលមកពីភ្លៀង!