សួស្តីបងប្អូនមិត្តភ័ក្តអ្នក Blog ទាំងឡាយ! មួយឆ្នាំបានកន្លងផុតទៅហើយ អាយុកាលការបង្កើត Blog របស់ខ្ញុំវាក៏កើនឡើងមួយឆ្នាំថែមទៀតដែរ ថ្ងៃនេះសុំធ្វើការចាប់អារម្មណ៍ ឬរំលឹកអានុស្សារីយ៍ Blog បន្តិច ។
ខ្ញុំបង្កើត Blog ដំបូងក្នុងខ្ទង់ឆ្នាំ ២០០៦ ចន្លោះខែ មីនា មេសានេះឯង ។ តែកាលនោះមិនមែនប្រើ Hosting ឬ Domain Name ខ្លួនឯងទេ គឺនៅក្រោមដំបូល Blogsome ដែលគេយកបច្ចេកវិទ្យារបស់ WordPress មកប្រើដែរ ។
រហូតមកដល់ពេលនេះ Blog ចាស់របស់ខ្ញុំនោះ នៅអាចចូលបាននៅឡើយ តែខ្ញុំដាក់ត្រឹម Link មក Address ថ្មី ។ មូលហេតុដំបូងដែលធ្វើឲ្យបង្កើត Blog ជារឿងដែលមិនចង់ចងចាំ តែវាក៏មិនបានភ្លេចបាត់ពីក្នុងខួរក្បាលខ្ញុំ ដូច្នេះសុំមិនរំលឹកល្អជាង ។ រីឯប្រកាសក្នុង Blog ចាស់ត្រូវនោះក៏ត្រូវបាន ខូចខាតបាត់បង់អស់ដោយហេតុចៃដន្យ ។ គ្មានចេតនានឹងលុបទេ តែពេលនោះកំពុងផ្លាស់ប្តូរមកប្រើ Hosting ខ្លួនឯង តែដោយនៅស្ទើរបទពិសោធន៍ ធ្វើឲ្យប្រកាសទាំងនោះរលាយសាបសូន្យ ។
ផ្ទះថ្មី! តែអ្វីៗមិនថ្មីទាំងអស់ទេ … ជាពិសេសមិត្តភាពដែលបានមកពី Blog ។ Bloggers ចាស់ៗមួយចំនួនហាក់ដូចស្ងាត់សកម្មភាពទៅជាច្រើនគ្នា នៅមានតិចណាស់ដែលនៅបន្តដំណើរការរបស់ខ្លួន ។ កាលនោះមូលហេតុមួយចម្បងមួយដែលធ្វើឲ្យពួកយើងស្គាល់គ្នា គឺការចែករំលែកបទពិសោធន៍ Blogging ។ មានការសួរនាំគ្នាទៅវិញទៅមក តាមរយៈ Comment រហូតឈានដល់ការ Email ផ្ទាល់ និងជជែកកម្សាន្តតាម Messenger ទាំងនេះវាកាន់តែធ្វើឲ្យមានទំនាក់ទំនងស្និទ្ធស្នាលច្រើនឡើង ។ ជំហានបន្ទាន់នៃទំនាក់ទំនង Blogger គឺការណាត់ជួបសំណេះសំណាលនៅខាងក្រៅ ។ ដែលចាប់ផ្តើមដំបូងពី ៣នាក់ រហូតនៅពេលនេះចេះតែមានការពង្រីកបន្តជារឿយៗ ស្របពេលវត្តមានរស់ Blogger ចាស់ៗមួយចំនួនតូចត្រូវបានអាក់ខាន ។
ធ្មេចបើក ៗ មកដល់ពេលនេះ ខ្ញុំប្រើ Blog បាន ០៤ ឆ្នាំគត់! បានទទួលអ្វីៗជាច្រើនពីកន្លែងនេះ មានទាំងមិត្តភាព សាមគ្គីភាព ការចែករំលែក ការកម្សាន្តលម្ហែរ ។ល។ ហើយដែលមិនអាចភ្លេចបាននោះគឺ Blog នេះហើយជាកន្លែងដែលខ្ញុំអាចបន្ធូរភាពតានតឹងក្នុងអារម្មណ៍របស់ខ្លួនបាន ថ្វីបើមានប្រកាសមួយចំនួនត្រូវបាន ដាក់ចូលជាប្រភេទ Private ឬ Password Protect ក៏ដោយចុះ ក៏វេទិកាផ្ទាល់ខ្លួនសម្រាប់បញ្ចេញមតិក្នុងទីសាធារណៈមួយនេះ នៅតែមានឥទ្ធិពលខ្លាំងលើខ្ញុំ ទោះជាមានពេលខ្លះមានការរួញរា ឬពេលខ្លះវាធ្វើឲ្យខ្លាចរអា ឬពេលខ្លះវាធ្វើឲ្យខ្ញុំចង់គេចឲ្យឆ្ងាយពីវាក៏ដោយចុះ ក៏ខ្ញុំមិនដែលគិតថានឹងបោះបង់កន្លែងនេះចោលជាដរាបទេ … ហើយនៅតែបន្តដាក់ប្រកាសជាបន្តបន្ទាប់ ។ល។
សូមឆ្លៀតឱកាសឆ្នាំថ្មីនេះ ថ្លែងអំណរគុណមិត្តៗទាំងឡាយដែលបានចូលមកអាន ជាប្រចាំក្តី ឬមិនប្រចាំក្តី សូមថ្លែងអណរគុណដែលធ្វើឲ្យតួលេខអ្នកចូលទស្សនា Blog មួយនេះនៅតែមិន សូន្យ ជាតួលេខដែលធ្វើឲ្យខ្ញុំគិតថា អ្វីដែលខ្ញុំនិយាយ មតិដែលខ្ញុំបញ្ចេញ នៅមានអ្នកអាន មានអ្នកស្តាប់ខ្លះដែរ ទាំងនេះហើយទើបធ្វើឲ្យខ្ញុំគិតថា Blog នៅតែជាវេទិកាដែលខ្ញុំអាចពឹកពាក់បានសម្រាប់ការសម្តែងមតិ ការចែករំលែក ។ល។
ជាមួយគ្នានេះដែរ ខ្ញុំក៏សុំឱកាសសុំទោសរាល់មិត្តទាំងឡាយ ដែលទទួលបានបទពិសោធន៍មិនល្អ នៅពេលចូលមក Blog មួយនេះ ពិសេសគឺធ្វើឲ្យទើសចិត្ត មិនសប្បាយចិត្តនឹងប្រកាសនានា ដែលអាចប៉ះពាល់ដល់អារម្មណ៍ ។ រឿងទាំងនេះ ខ្ញុំសុំទោសដោយស្មោះ ទោះក្នុងការបញ្ចេញមតិនោះ វាចេញមកពីចេតនា ឬអចេតនាក្តី ។ តែខ្ញុំសូមទទួលខុសត្រូវទាំងស្រុងនូវរាល់ប្រកាសទាំងឡាយក្នុង Blog មួយនេះ ដោយធានាមិនឲ្យប៉ះពាល់សិទ្ធិសាធារណៈ ឬឯកជននរណាម្នាក់ឡើយ ដោយយកក្រមសីលធម៌សិទ្ធិក្នុងការបញ្ចេញមតិជាសាធារណៈជាគោល ។ តែដោយសារកំហុសដោយអចេតនា អាចកើតមានឡើងគ្រប់ពេល ដូច្នេះខ្ញុំសូមទទួលរាល់ការណែនាំ លើរាល់ប្រកាសដែលមានការប៉ះពាល់សិទ្ធិអ្នកដទៃ ដោយយកក្រមសីលធម៌សិទ្ធិក្នុងការបញ្ចេញមតិជាសាធារណៈជាគោលដូចគ្នា ។
ជាចុងក្រោយនេះ ខ្ញុំបាទជូនពរមិត្តៗទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមឲ្យមិត្តគ្រប់គ្នាជូបប្រទះតែសេចក្តីសុខចម្រើន មានជោគជ័យក្នុងរាល់ការងារតួនាទីដែលបាននឹងកំពុងបំពេញ សូមស្មាមញញឹមនៃសេចក្តីសុខ សប្បាយរីករាយ លេចឡើងលើផ្ទៃមុខមិត្តគ្រប់គ្នា… ។
សួស្តីឆ្នាំថ្មី!

សួស្ដីឆ្នាំថ្មី ល្បង,
សូមអោយល្បងមានសំណាងល្អគ្រប់បែបយ៉ាងទាំងអស់ដែលមនុស្សលោកត្រូវការ ។
គិតទៅការធ្វើប្លក់របស់ល្បងយូរដែរ ខ្ញុំតែងតែចូលមកលេងជានិច្ច ឃើញថាប្លក់របស់ល្បង
មានប្រជាប្រិយ មានអ្នកទស្សនាជាច្រើន ។
@khmerbotra: បាទសួស្តីឆ្នាំថ្មី!
អរគុណសម្រាប់ការគាំទ្រ និងចូលមកលេងជាប្រចាំ!
ជូនពរឆ្នាំថ្មី សូមសម្រេចបានជោគជ័យគ្រប់ពេលវេលា!