តួអង្គក្នុងអត្ថបទបានកើតឡើងពីការប្រឌិតទាំងស្រុង
មិនមែនជារឿងពិតកើតមានឡើងឡើយ
ដូច្នេះបើបានអានហើយ មានរឿងស្រដៀង ឬប្រហែល សូមមេត្តាខន្តីអភ័យទោស
ហើយសូមកុំរើសយកទៅដាក់ខ្លួន នាំមិនសប្បាយចិត្តឥតអំពើ
(ខ្ញុំសុំប្រើសិទ្ធិក្នុងការបញ្ចេញមតិ ឬយោបល់ ដែលមិនមានប៉ះពាល់ដល់សិទ្ធិអ្នកដទៃ!)
ជាភាគ(បញ្ចប់)! រឿងខ្លី ក្រោមចំណងជើងថា រឿងខ្លី «ខ្ញុំចាញ់បោកគេ?»
សុំមិនសង្ខេបសាច់រឿងមុនទេ (បើចង់តភាគទៅអានភាគចាស់សិនចុះ)
អហោសិកម្ម អៈ– បា. ( ន. ) កម្មដែលគ្រាន់តែមានហើយចេញឲ្យផលមិនកើត គឺកម្មដែលរលុបរលាយសោះសូន្យទទេទៅ ព្រោះកម្មឯទៀតណាមួយចេញឲ្យផលបំបិទផ្លូវផ្តាច់មុខ, កម្មដែលអស់កម្លាំងឬអស់អំណាចឲ្យផលពុំកើត… ។ ព. ប្រ. ដំណើរអស់កម្មពៀរនឹងគ្នាឬអស់សេចក្ដីស្រឡាញ់រាប់រកគ្នាត្រឹមប៉ុណ្ណោះ លែងមានតទៅទៀត : គេហើយនិងខ្ញុំជាអហោសិកម្មទៅហើយ; សូមឲ្យជាអហោសិកម្មត្រឹមណឹងទៅចុះ !
អ្វីៗវាមិនខុសឆ្ងាយពីការគិតរបស់ខ្ញុំឡើយ! បន្ទាប់ពីគេបានដឹងរឿងរ៉ាវទាក់ទងការគិតរបស់ខ្ញុំរឿងលុយកាក់ ថាខ្ញុំគិតយ៉ាងណានោះហើយ មិនដឹងជាគេមិនយល់ ឬព្យាយាមមិនយល់ ឬអ្វីមួយឲ្យប្រាកដទេ តែអាការៈតបតរបស់គេចេញមក គឺមិនខុសឆ្ងាយពីអ្វីដែលខ្ញុំខ្លាចមិនចង់ឲ្យកើត តែវាបានកើតមែន ហើយខ្ញុំក៏សឹងត្រៀមទប់ទល់សឹងមិនជាប់ ។
ពាក្យសម្តីដ៏សែនឆ្ងន់ ដែលខ្ញុំខ្លាចនឹងឮ វាក៏បានចេញមកមិនមានអ្វីទប់បាន ហួសពីការគិតរបស់ខ្ញុំច្រើនដងរាប់មិនអស់ឡើយ តែខ្ញុំមិនប្រកាន់អ្វីនឹងគេទេ ព្រោះខ្ញុំគ្មានសិទ្ធិ ។ មកដល់ពេលនេះ ខ្ញុំបានត្រឹមធ្វើចិត្តមួយទទួលស្គាល់ការពិតថា ត្រឹមតែថានៈជាមនុស្សធ្លាប់ស្គាល់ក៏វាគ្មាននៅសេសសល់សម្រាប់ខ្ញុំឡើយ តាមរយៈពាក្យសម្តីដែលធ្ងន់ ស្មានមិនដល់ថាបានឮ ។ ពេលបានឮហើយមានតែ ធ្មេចភ្នែក សង្កត់ចិត្ត ខាំមាត់ មិនទន្ទេញពាក្យថាខន្តី រំលឹកដល់រូបភាពចាស់ៗ កាលដែលយើងនៅមានអារម្មណ៍ល្អនឹងគ្នា រូបភាពចាស់ៗដែលខ្ញុំនឹកឃើញឡើងពេលណា វាធ្វើឲ្យខ្ញុំញញឹមបិទមាត់មិនជិត ហើយបើនៅក្រោយពេលបែកគ្នា រូបភាពទាំងនោះវាធ្វើឲ្យ ខ្ញុំញញឹមទាំងទឹកភ្នែកហើយក៏ដោយចុះ ក៏រូបភាពមិត្តខ្ញុំម្នាក់នោះ នៅតែធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អបានដែរ ។
មែនហើយ រឿងលុយរឿងកាក់ វាមិនចូលខាងអ្នកណាកាន់ជើងអ្នកណីទេ! វាជារឿងធម្មតា ខ្ញុំក៏ដឹងក្នុងចិត្ត! ហើយវាបានធ្វើឲ្យមិត្តភាព ឬបងប្អូនបង្កើត ប្តីប្រពន្ធ ឬរហូតដល់ កូននឹងឪពុកម្តាយ មើលមុខគ្នាមិនចំរាប់មិនអស់ ។ ករណីធំៗពីរអាចកើតឡើង ទីមួយគឺអ្នកម្វាស់ប្រាក់ចង់បានសំណងមែន ហើយករណីទីពីរ គឺមិនមែនទេ តែអ្នកខ្ចីគេ រអៀសខ្លួនឯង ហើយបានកែប្រែរឿងនោះទៅជាកំហឹង មកជះមកវិញ ដោយគិតថាគេមើលឃើញលុយកាក់សំខាន់ជាងមិត្តភាព គេឲ្យតម្លៃខ្លួនតិចជាងចំនួនលុយដែលជំពាក់ ។ល។
បែរចូលមកប្រតិកម្មគេវិញ គេតបមកវិញថា៖
1) គេមិនយល់ថាខ្ញុំកំពុងគិតអ្វី តែគេហាក់យល់ថា ខ្ញុំដូចជាយល់ច្រឡំរឿងលុយដែលគេខ្ចីខ្ញុំ
>>> ខ្ញុំតបទៅគេវិញថា៖ ខ្ញុំខ្លួនឯងក៏វិលវល់ណាស់ដែរ មិនយល់ថាអ្វីជាអ្វីឲ្យប្រាកដឡើយ ព្រោះគ្រប់បែបយ៉ាវវារកតែខ្ញុំចាប់ចំណុចឲ្យច្បាស់លាស់មិនបានសោះ ដូចខ្ញុំទទួលស្គាល់មែនថាខ្ញុំប្រហែលជាយល់ច្រឡំរឿងហ្នឹងមែន ឃើញទេខ្ញុំដាក់សញ្ញាសួរ (?) នៅក្រោយចំណងជើងរឿងថា (ខ្ញុំត្រូវគេបោក?) គឺខ្ញុំវិលវល់ មិនដឹងអ្វីពិត ឬមិនពិតឡើយ »»» ឲ្យខ្ញុំសុំទោសផង!
2) អត្ថន័យនៅក្នុងអ៊ីម៉ែលចុងក្រោយ (ដែលគេរំលឹកព្រមានខ្ញុំមិនឲ្យនិយាយដល់រឿងចាស់) គឺមិនមានអ្វីពាក់ព័ន្ធ នឹងរឿងលុយទេ!
>>> មែន! ខ្ញុំទទួលស្គាល់ថាខ្ញុំជាមនុស្សគិតច្រើន តែសូមកុំភ្លេចថា ខ្ញុំជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ មិនមានញាណពិសេសណាទៅដឹងថា នរណាកំពុងគិតអ្វីឡើយ បើគេមិននិយាយចេញ បើគេមិនប្រាប់នោះ ។ អ៊ីម៉ែលសរសេរមកត្រឹមណា ខ្ញុំគិតបានត្រឹមន័យហ្នឹង ឲ្យខ្ញុំត្រាស់យល់ការពិតក្នុងចិត្តអ្នកសរសេរខ្ញុំធ្វើទៅមិនបានទេ ។
3) គេថាគេមិនដែលភ្លេចអ្វីដែលគេជំពាក់ខ្ញុំទេ ហើយគេមិនមែនជាមនុស្សបែបដែលខ្ញុំគិតដែរ…មកដល់ពេលនេះគេទើបដឹងថាខ្ញុំគិតថាគេជាមនុស្សយ៉ាងម៉េច (គេចង់ថាខ្ញុំមើលងាយគេ)
>>> មនុស្សបែបណា? ព្រោះតែខ្ញុំមិនគិតថាគេជាមនុស្សបែបហ្នឹងហើយបានជា គ្រប់យ៉ាងវាវិលវល់ទៅជាបែបហ្នឹង! ព្រោះតែខ្ញុំយល់ថាគេមិនធ្វើបែបហ្នឹងហើយបានជាគ្រប់យ៉ាងវាប្រែប្រួលទៅជាអញ្ចឹង! ព្រោះតែខ្ញុំគិតថាគេជាមនុស្សដែលមានការទទួលខុសត្រូវគ្រប់គ្រាន់ហើយបានជា ខ្ញុំគូសវាសទង្វើរបស់មនុស្សដែលមានការទទួលខុសត្រូវគួរធ្វើ និងទង្វើរបស់គេដែលបានធ្វើមិនត្រូវ ។ ទង្វើរបស់មនុស្សដែលមានការទទួលខុសត្រូវ គេធ្វើបែបហ្នឹងឬ? បើមិនភ្លេច បើមានបញ្ហា បើមិនអាចធ្វើអ្វីតាមការសន្យាកំណត់ដោយខ្លួនឯងបាន ហេតុអ្វីមិននិយាយ ហេតុគេមិនប្រាប់ ឬឲ្យដំណឹង? ហេតុអ្វីចាំបាច់ធ្វើឲ្យគេរំលឹក? ឬគេខ្ពើមការការទំនាក់ទំនងមករកខ្ញុំ? មិនចង់ជ្រលក់ មិនចង់និយាយរក? ទាំងនេះឬគេហៅថាមនុស្សដែលមានការទទួលខុសត្រូវ? ចាំពេលណាត្រូវសង ចាំយកលុយមកគប់កណ្តាលមុខតែម្តង ឬបោះចោលទៅនឹងដីនៅពីមុខខ្ញុំហើយដើរចេញតែម្តង?
មិនថ្វីទេដែលគេយល់ថា ខ្ញុំយល់ថាគេជាមនុស្សបែបហ្នឹង … បើពីមុនប្រហែលជាមានការតូចចិត្តតូចថ្លើម នៅពេលដែលមនុស្សម្នាក់ដែលខ្លួនរាប់អាន ឬជិតស្និទ្ធយល់ច្រឡំ តែពេលនេះមិនអីទេ… ព្រោះខ្ញុំមិនអាចទៅទាមទាររកយុត្តិធម៌អ្វីបានពីណា ឬទៅបកស្រាយការពិតឲ្យអ្នកណាស្តាប់ទៀតឡើយ ព្រោះមិនដឹងតាំងពីណាពីណីមកហើយទេ ដែលគេមិនដែលឲ្យតម្លៃមិត្តភាពយើងក្នុងភ្នែកគេ គេមិនត្រឹមតែមិនឲ្យតម្លៃទង្វើដែលខ្ញុំធ្លាប់ធ្វើ តែគិតផ្ទុយទៅវិញ ថាខ្ញុំធ្វើគ្របបែបយ៉ាងគឺដើម្បីបំផ្លាញគេ គេបានផ្លាស់ប្តូរពីមិត្តភាព ទៅជាគំនុំគុំកួនយូរណាស់មកហើយ ។ មានន័យអ្វីទៀតដែលខ្ញុំទៅទាមទារការយល់ចិត្តពីមនុស្ស ដែលគិតថាខ្លួនជាសត្រូវគេ?
4) គេថាបញ្ហានៅត្រង់ថា គេមិនទាន់អាចសងលុយខ្ញុំ ឲ្យបានត្រូវតាមថ្ងៃដែលខ្ញុំ «ស្រេកឃ្លាននឹងទន្ទឹងរង់ចាំគេសងលុយ» ……. គេសុំទោសដែលធ្វើឲ្យខ្ញុំគិតច្រើន (“គិតភ័យខ្លាចគេមិនសងលុយ” ហេតុអ្វីបានខ្ញុំបើក “” quotation sign? ព្រោះនៅត្រង់នេះគេមិនបាននិយាយពាក្យថា«ភ័យ»ទេ តែឃ្លាបន្ទាប់គេបានបញ្ជាក់ថា «កុំភ័យខ្លាចគេមិនសងលុយ»)
>>> មនុស្សអើយមនុស្សលោក! ជួយមើលពាក្យសម្តីចុះ! មកទល់ពេលនេះ ទោះជាគេមិត្តភាពប្រែប្រួលទៅជាយ៉ាងម៉េចក៏ដោយ ក៏ខ្ញុំមិនដែលប្រើពាក្យសម្តីបែបនេះទៅរកគេឡើយ មិនដែលសូម្បីតែគិតថានឹងប្រើ! តែគេវិញ រាប់ដងមិនអស់ទេ… ចេញមកប្លែកៗ មួយម៉ាត់ៗ បើប្រៀបដូចជាកាំបិតឡាមដ៏មុតមិនខុសទេ! ចុកហើយឈឺទៀត!
ពាក្យសម្តីដែលធ្ងន់ ឬមុតយ៉ាងណា បើគេនិយាយត្រូវមែន យើងក៏មិនគួរឈឺដល់ថ្នាក់នេះទេ តែពាក្យនេះធ្ងន់ហើយ វាជាពាក្យចោទប្រកាន់ មួលបង្កាច់ វាខុសពីការពិតទាំងស្រុង! មែនខ្ញុំទន្ទឹងរង់ចាំថ្ងៃនោះមែន! តែខ្ញុំមិនមែនទន្ទឹងរង់ចាំលុយនោះទេ… ខ្ញុំទន្ទឹងថ្ងៃដែលខ្ញុំសង្ឃឹមបានជួបមុខមនុស្សដែលខ្ញុំនឹកគ្រប់ដង្ហើម មនុស្សដែលធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់ពេលដែលខ្ញុំនឹក មនុស្សដែលខ្ញុំមិនដឹងរកវីធីអ្វីយកគេចេញពីការគិតរបស់ខ្ញុំ ។ ខ្ញុំនឹកណាស់គេ ខ្ញុំចង់ជួបគេណាស់ ខ្ញុំចង់នៅក្បែរគេណាស់ ខ្ញុំចង់ឲ្យរឿងដែលយើងបែកបាក់ ក្លាយទៅជាការយល់សប្តិ ។ ថ្ងៃដែលគេថា ថ្ងៃដែលខ្ញុំស្រេកឃ្លានរង់ចាំការសងលុយរបស់គេ វាជាថ្ងៃដែលខ្ញុំរេរាក្នុងចិត្ត មិនច្បាស់ខ្លួនឯងថាហ៊ានប្រឈមមុខនឹងគេឬអត់ ជាថ្ងៃដែលខ្ញុំខ្វល់ខ្វាយថានឹងមានរឿងអ្វីកើតឡើង បើគេទាក់ទងមក ខ្ញុំត្រូវធ្វើយ៉ាងម៉េច? ខ្ញុំនឹងចេញជួបគេឬទេ បើចិត្តមួយចង់ជួប ចិត្តមួយហាមឃាត់ ។
ខ្ញុំមិនបាន«ភ័យ» រឿងលុយប៉ុណ្ណឹងទេ ច្រើនជាងណឹងរាប់សិបដងក៏ខ្ញុំមិនភ័យដែរ ព្រោះមិត្តភាពដែលខ្ញុំមានចំពោះគេមិនអាចយកលុយកាក់មកវាយតម្លៃបានឡើយ នេះចំពោះខ្ញុំ តែចំពោះគេនៅពេលនេះ វាបានក្លាយជាសត្រូវយូរណាស់មកហើយ!
មកដល់ពេលនេះ ខ្ញុំនៅតែមិនអាចកុហកខ្លួនឯងបានឡើយ គឺមានតែទ្រាំសម្របខ្លួនជាមួយការពិតតែប៉ុណ្ណោះ! ការពិតដែលថា អ្វីដែលខ្ញុំធ្លាប់គិតចំពោះគេ មកដល់ពេលនេះ វានៅដដែល មិត្តភាពដែលធ្លាប់មាន ការបារម្ភ ការយកចិត្តទុកដាក់ ចង់ជួយយកអាសារ និងអ្វីៗផ្សេងៗទៀតជាច្រើន គឺមិនបានប្រែប្រួលឡើយ សន្យាដែលធ្លាប់ថ្ពក់ដៃ អានុស្សារយ៍កន្លង ខ្ញុំនៅចាំទាំងអស់ អរគុណគេខ្លាំងណាស់ដែលបានធ្វើឲ្យមានពេលនោះ ។
នេះមិនមែនជាការទាមទារឲ្យគេវិលមករក មិត្តភាពដូចមុនទេ ខ្ញុំមិនប្រាថ្នាទៀតឡើយ សូមប្រកាសប្រាប់ថា «ខ្ញុំខ្លាចណាស់» ខ្លាចការវិលមកវិញនាំមកនូវការឈឺចាប់ម្តងទៀត សុំត្រឹមចងចាំរឿងរ៉ាវល្អៗទុកក្នុងចិត្តទៅបានហើយ លែងចង់បានហើយ ថានៈជាមិត្តធម្មតា លែងចង់បានហើយត្រឹមជាមនុស្សធ្លាប់ស្គាល់ សូមឲ្យគ្រប់យ៉ាងនៃទំនាក់ទំនង សម្ព័ន្ធភាពគ្រប់ប្រភេទ សូមឲ្យវាចប់ត្រឹមនេះចុះ ។
ខ្ញុំមិនចង់ឲ្យមិត្តយកជាសត្រូវទេចាប់ពីពេលនេះទៅ សុំឲ្យគេគិតថា យើងមិនដែលស្គាល់គ្នាទេ យើងមិនធ្លាប់ជួប ឬមិនដែលមានរឿងអ្វីទាក់ទងគ្នាទេ យើងនឹងមិនមានជំពាក់ មិនមានសំណង សុំឲ្យគ្រប់យ៉ាងវាចប់ត្រឹមនេះចុះ ខ្ញុំក៏នឹងមិនទៅទាក់ទង ឬទាមទារអ្វីពីគេទៀតឡើយ សូមឲ្យវាចប់គ្រប់យ៉ាងត្រឹមនេះចុះ រឿងរ៉ាវកន្លងមក បើយើងមានជ្រុលជ្រួសខុសឆ្គង សូមឲ្យជាអហោសិកម្មត្រឹមណឹងទៅចុះ៚
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
>>> ចប់ដោយបរិបូរណ៍<<<
សូមរង់ចាំអានរឿងខ្លីរឿង «សម្លាកលើបេះដូង» ក្នុងពេលឆាប់ៗនេះ ….(ជារឿងដែលសរសេរយូរណាស់ហើយ តែមិនទាន់បានបញ្ចប់ គិតថាពេលនេះល្មមដល់ពេលបញ្ចប់ នឹងបានដាក់ចែកគេឯងបានអាន)
