តួអង្គក្នុងអត្ថបទបានកើតឡើងពីការប្រឌិតទាំងស្រុង
មិនមែនជារឿងពិតកើតមានឡើងឡើយ
ដូច្នេះបើបានអានហើយ មានរឿងស្រដៀង ឬប្រហែល សូមមេត្តាខន្តីអភ័យទោស
ហើយសូមកុំរើសយកទៅដាក់ខ្លួន នាំមិនសប្បាយចិត្តឥតអំពើរ
(ខ្ញុំសុំប្រើសិទ្ធិក្នុងការបញ្ចេញមតិ ឬយោបល់ ដែលមិនមានប៉ះពាល់ដល់សិទ្ធិអ្នកដទៃ!)
កាលពីច្រើនឆ្នាំមុន…
មកដល់ពេលនេះអ្វីៗវាដូចបង្ហាញឲ្យខ្ញុំឃើញកាន់តែច្បាស់ អ្វីដែលខ្ញុំគេចវេសមិនគិត វាបានកំពុងបង្ហាញខ្លួនឲ្យច្បាស់បន្តិចម្តងៗ ថាការពិតវាគឺជាអ្វីដែលខ្ញុំគេចវេស ។ បានត្រឹមតែភាវនាថា ខ្ញុំមិនបានចាញ់បោកគេទេ ….
ថ្ងៃមួយខ្ញុំនិងមិត្តដ៏ជិតស្និទ្ធម្នាក់មានរឿងខ្វែងគំនិតគ្នា យើងបានខំស្វែងរកដំណោះស្រាយបញ្ហាដែរ ហើយក៏បានមកដល់ផ្លូវបំបែកមួយ ជាដំណោះស្រាយល្អបំផុតសម្រាប់យើង គឺការបញ្ចប់មិត្តភាពដ៏ជិតស្និទ្ធ ។ មុននឹងឈានជើងដើរបែកផ្លូវគ្នា គេបានសំណូមពរខ្ញុំមួយរឿងតាមរយៈអ៊ីម៉ែល គឺសុំកុំឲ្យខ្ញុំរំលឹកដល់រឿងចាស់រវាងយើងទាំងពីរ តែក្នុងនោះមានពាក្យមួយម៉ាត់គេបញ្ជាក់ថា យើងផ្តាច់ទំនាក់ទំនងពីមិត្តជិតស្និទ្ធ តែយើងមកត្រឹមជាមិត្តធម្មតា ។ បើសិនជាការនិយាយធម្មតា ខ្ញុំអាចគិតថា ខ្ញុំអាចនឹងមិនចាំអស់ពាក្យសម្តីដែលគេនិយាយ តែនេះវាមិនមែន វាជាអ៊ីម៉ែល! ដែលមកដល់ថ្ងៃនេះ វានៅក្នុង Mail-box ខ្ញុំនៅឡើយ។
វាជាតឹកតាងមួយ ដែលខ្ញុំប្រើជាឧបករណ៍សម្រាប់តឿនចិត្តខ្ញុំ អំពីស្ថានភាពមិត្តភាពរបស់ពួកយើង ។ ជារឿយៗនៅពេលដែលខ្ញុំនឹកដល់រឿងចាស់ ខ្ញុំពិបាកនឹងធ្វើចិត្តទទួលបានថា មិត្តភាពរបស់យើងម៉េចបានជាមកដល់ចំណុចនេះអញ្ចឹង ដូច្នេះដើម្បីដាស់តឿនខ្លួនឯង ខ្ញុំក៏តែងតែយកអ៊ីម៉ែលមួយនោះមកមើលជានិច្ច បើទោះពេលមើលហើយពេលណា វាតែងធ្វើឲ្យខ្ញុំឈឺក៏ដោយ ។
ត្រង់ពាក្យដែលគេថា មកជា«មិត្តធម្មតា» តាមពិតទៅខ្ញុំមិនហ៊ានទទួលតំណែងមួយហ្នឹងពីគេទេ ខ្ញុំតឿនប្រាប់ខ្លួនឯងជានិច្ចថា សុំត្រឹមធ្វើជាមនុស្សដែលស្គាល់គ្នាទៅបានហើយ មិនប៉ងលើសអ្វីពីហ្នឹងទេ ។ សួរថាហេតុអ្វីបានជាខ្ញុំគិតអញ្ចឹង? មែនកាលដែលយើងមានរឿងមកដល់ពេលនេះ មួយចំណែកវាអាចជាកំហុសរបស់ខ្ញុំ តែគិតឲ្យដល់ បើទះដៃតែម្ខាងវាមិនឮទេ ហើយដែលខ្ញុំសុំត្រឹមមនុស្សស្គាល់គ្នានោះ គឺខ្ញុំខ្លាច ខ្លាចថាសម្ព័ន្ធភាពលើសពីនោះ វាអាចនាំបញ្ហាមកឲ្យយើងទាំងពីរនាក់ម្តងទៀត ដូច្នេះសុំត្រឹមជាមនុស្សធ្លាប់ស្គាល់គ្នាទៅបានហើយ គេហៅថាទុកមុខរាប់គ្នា ហោចណាស់នៅថ្ងៃមុខ ពេលបានជួបក៏នឹងបានញញឹមដាក់គ្នា សួរនាំសុខទុក្ខគ្នាដែរ ។ មិនចង់ឲ្យចប់ពីមិត្តជិតស្និទ្ធមក មកជាមនុស្សមិនស្គាល់គ្នាទេ ហើយក៏មិនចង់ឲ្យឈានទៅជាសត្រូវដែរ ។
ភាពស្ងៀមស្ងាត់រវាងយើងរក្សាបានមួយរយៈខ្លី ប្រហែលមួយអាទិត្យក្រោយមក នៅសុខៗគេក៏បានទាក់ទងមកខ្ញុំ តាមរយៈការជជែកក្នុង Skype ។ អារម្មណ៍នៅពេលនោះចម្លែកក្នុងចិត្តបន្តិចដែរ ព្រោះតាំងពីមានរឿងខ្វែងគំនិតគ្នាមក គេមិនដែលបានទាក់ទង ឬសួរនាំសុខទុក្ខខ្ញុំមុនឡើយ មានតែខ្ញុំទេដែល(ធ្វើមុខក្រាស់) សួរនាំនិយាយទៅរកគេមុន ព្រោះតាំងពីមានរឿងមក ខ្ញុំតែងតាំងចិត្តថា ទុកមុខរាប់គ្នា (ធ្វើត្រឹមមនុស្សស្គាល់គ្នា) ។
ក្រោយពេលនិយាយគ្នាបានមួយសន្ទុះ ខ្ញុំក៏បានអស់ចម្ងល់ថាហេតុអ្វីបានជាគេហៅមករកខ្ញុំមុន ។ គឺគេពឹងខ្ញុំ គេមានបញ្ហាបន្តិចបន្តួចរឿងការបង់ប្រាក់តាមអ៊ីនធើណិត ។ គេពឹងខ្ញុំឲ្យជួយដោះស្រាយរឿងបង់ប្រាក់នោះ ។ ចំនួនទឹកប្រាក់មិនច្រើនពេកទេ ក៏មិនតិចដែរ ព្រោះបើប្រៀបនឹងប្រាក់ខែ បុគ្គលិកក្រុមហ៊ុនថានៈតូចតាចដូចខ្ញុំ វាប្រហាក់ប្រហែលនឹងប្រាក់ខែខ្ញុំមួយខែដែរ ។
សួរថានៅពេលនោះខ្ញុំមានបានរេរាចិត្ត នឹងជួយគេទេ? ចម្លើយគឺ«គ្មានទេ!» គ្មានបន្តិចណាឡើយ ។ ព្រោះអ្វីទៅ? ខ្ញុំចង់ឲ្យមិត្តភាពល្អដូចដើមមែនទេ? ចម្លើយឆ្លើយថា «ទេ!» មិនហ៊ានទេ ខ្ញុំខ្លាចមិត្តភាពនោះវានាំឲ្យយើងពិបាកទៀតណាស់ តែដែលជួយគឺទម្លាប់មួយរបស់ខ្ញុំ ដែលឃើញមិត្ត ឬមនុស្សស្គាល់គ្នា មានបញ្ហានៅចំពោះមុខ មិនជួយមិនបាន បើមិនបានជួយទាំងស្រុង ហោចណាស់ក៏បានរួមចំណែក ឬក៏បាន ផ្តល់ជាយោបល់ ឬកម្លាំងចិត្តដែរ ។ ខ្ញុំជឿមករហូតថាជាទម្លាប់មួយដែលល្អ ហើយវានឹងមិនមានថ្ងៃត្រឡប់មកធ្វើបាបខ្ញុំទេ ហើយករណីនេះវាពិសេសទៅទៀត ត្បិតពិតជាក់ស្តែងទៅយើងមិនមែនត្រឹមជាមនុស្សស្គាល់គ្នាឯណា រឿងអ្វីខ្ញុំត្រូវឈរឱបដៃមើលមិត្តសម្លាញ់ខ្ញុំជួបបញ្ហាហើយមិនជួយ បើគេមិនរាប់ខ្ញុំ ក៏ខ្ញុំមិនខ្វល់ សុំឲ្យត្រឹមបានជួយក៏ខ្ញុំអស់ចិត្តដែរ ។
នៅពេលនោះខ្ញុំបានទទួលពាក្យថាជួយគេភ្លាមដោយមករួញរា ហើយលួចសង្ឃឹមក្នុងចិត្តថាគេប្រហែល មើលឃើញអំពើល្អយើងខ្លះដែរ កំហុសលើសលួសពីមុនប្រហែលជាអាច «អហោសិកម្ម» ឲ្យគ្នាបាន ។ គេបាននិយាយមកខ្ញុំវិញភ្លាមបន្ទាប់ពីខ្ញុំទទួលពាក្យជួយ គេថា ខ្ញុំនឹងសងលុយណឹងវិញនៅពេលវេលាមួយ ដែលគេជាអ្នកកំណត់យ៉ាងច្បាស់ដោយខ្លួនគេ ។ តាមពិតទៅខ្ញុំមិនបានចាប់អារម្មណ៍រឿងចំនួនលុយត្រូវសងនោះទេ តែដែលខ្ញុំចាប់អារម្មណ៍នោះគឺ ពេលដែលគេសងលុយខ្ញុំនោះ តើខ្ញុំនឹងព្រមទទួលសំណងនោះវិញឬទេ? ហើយនៅពេលហ្នឹងខ្ញុំអាចនឹងហ៊ានប្រឈមមុខនឹងគេឬទេ? ដូច្នេះហើយវាធ្វើឲ្យខ្ញុំចេះតែទន្ទឹងចាំពេលនោះមកដល់ ហើយពេលវាចួលមកកាន់តែជិត ខ្ញុំក៏បានសម្រេចចិត្តមួយ គឺបើទោះជាគេទាក់ទងថាមកសងលុយខ្ញុំ ក៏ខ្ញុំមិនយកដែរ ឲ្យគេទុកសិនទៅ ចាំពេលក្រោយចាំសង ខ្ញុំនឹងរកគ្រប់វិធីដើម្បីចៀសវាងការជួប ឬដើម្បីគេចមុខ ។
រឿងវាមិនចប់ត្រឹមហ្នឹងទេ ព្រោះមនុស្សដែលចូលចិត្ត Blog ដូចខ្ញុំ តែងតែចង់កត់អ្វីជាការចងចាំរបស់ខ្លួន ។ ខ្ញុំបានចម្លងអត្ថបទសន្ទនាក្នុង Skype រវាងខ្ញុំហ្នឹងគេម្នាក់នោះ Post ក្នុង Blog ផ្ទាល់ខ្លួនមួយ (Private) ។ ស្បថក៏បានថាខ្ញុំ មិនបានគិតថានឹងទុកវាដើម្បីរឿងទារប្រាក់សងកាក់អីនោះទេ ។ ខ្ញុំជឿជានិច្ចថាលុយចំនួននឹងគេមិនគេស៊ីដាច់ខ្ញុំទេ បើមិនមានបញ្ហារឿងបង់តាមអ៊ីនធើណិត គេក៏មិនមករកខ្ញុំឲ្យជួយដែរ ។
តាំងពីថ្ងៃនោះមក យើងមិនដែលនិយាយគ្នា ឬជជែកតាមអនឡាញអ្វីឡើយ ។ មានទំនាក់ទំនងក៏បន្តិចបន្តួចគឺ គេបញ្ជាក់ខ្ញុំវិញ រឿង Payment Statement ប្រហែលជាគេចង់បញ្ជាក់ឲ្យខ្ញុំដឹងពីចំនួនដែលត្រូវបានចំណាយ និងត្រូវសង ។ ហើយមានម្តងទៀតគឺនៅថ្ងៃខួបកំណើតរបស់គេ ខ្ញុំបានធ្វើអំណោយបន្តិចបន្តួចជា (E-Greeting Card) ជូនគេតាមអ៊ីម៉ែល ហើយគេក៏តបមកវិញថាគេអរគុណ ។ មានតែពីរដងនោះគត់ដែលយើងបានទាក់ទងឆ្លងឆ្លើយ ។
ពេលវេលាកន្លងទៅប្រហែល ៣ ខែ គឺដល់ពេលកំណត់ដែលគេបានសន្យា ដូចបាននិយាយខាងលើ ខ្ញុំខ្វល់រឿងថ្ងៃដែលត្រូវជួប ធ្វើឲ្យខ្ញុំទន្ទឹងថ្ងៃនោះ មិនមែនរឿងលុយត្រូវសងទេ ព្រើតាំងចិត្តហើយ ។ តែពេលវេលាមកដល់ ហើយក៏កន្លងផុតទៅ ពីមួយថ្ងៃក្លាយជាមួយអាទិត្យហើយទំនងចូលទៅជាខែ តែស្ងាត់បាត់ដំណឹងឈឺង ។ នៅពេលនោះខ្ញុំចាប់ផ្តើមគិតច្រើនទៀតហើយ គិតរឿងល្អៗថា គេប្រហែលអាចមានបញ្ហារឿងលុយកាក់ហើយបានជាមិនទាន់ទាក់ទងមក ឬគេប្រហែលជាភ្លេច? មិនគួរទេ ព្រោះគេមិនមែនជាមនុស្សបែបហ្នឹង តាមខ្ញុំស្គាល់គេ គេជាមនុស្សដែលគោរព នឹងទទួលខុសត្រូវសម្តីខ្លួន អ្វីដែលគេថាធ្វើគេនឹងធ្វើ អ្វីដែលគេថាមិនធ្វើគេមិនធ្វើទេ ។ បើមានបញ្ហារឿងលុយកាក់គេក៏គួរតែយ៉ាងហោចណាស់ទាក់ទងមកខ្ញុំបន្តិច ប្រាប់ថាមានបញ្ហាយ៉ាងនេះយ៉ាងនោះ តែនេះស្ងាត់ឈឺង? ឬពិតជាភ្លេចមែន?
គិតតែឯងយូរទៅកាន់តែច្រើនទៅៗ តែនៅស្ងៀមមិនហ៊ានទាក់ទងទៅរកគេទេ ខ្លាចគេថាខ្ញុំចង់ទារលុយទារបំណុល ស៊ូឲ្យគេទាក់ទងមកខ្ញុំវិញ ។ នៅថ្ងៃមួយសុខៗក៏ចូលទៅមើលក្នុង គេហទំព័រសារធារណៈរបស់គេ មាន Post មួយធ្វើប៉ះទង្គិចអារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង រហូតគិតដល់ថាគេចង់រំលឹករឿងចាស់យ៉ាងម៉េចមិនដឹង ។ ដោយសារចង់ទាក់ទងទៅរកគេស្រាប់ផង ដោយឃើញ Post មួយហ្នឹងស្រាប់ផងខ្ញុំ ក៏សម្រេចចិត្តអ៊ីម៉ែលមួយទៅគេ សួរនាំសុខទុក្ខធម្មតាៗ ហើយក៏បានសុំទោសទុកជាមុន ព្រោះខ្ញុំសួរទាក់ទងទៅហ្នឹង Post ក្នុងគេហទំព័រសាធារណៈរបស់គេ សួរត្រង់ៗថាគេចង់និយាយទាក់ទងអំពីខ្ញុំមែនទេ?
លឿនទាន់ចិត្ត! មិនដល់ ១៥ នាទីផង គេបានឆ្លើយតបមកខ្ញុំវិញ ហើយក៏បានប្រើពាក្យសម្តីធម្មតាដូចគ្មានរឿងអ្វីកើតឡើងសោះ ។ គេប្រាប់ថា គេមិនបានចេតនានិយាយទាក់ទងខ្ញុំទេ សុំទោសខ្ញុំផងបើគេធ្វើឲ្យខ្ញុំយល់ច្រឡំ ។ ទទួលស្គាល់ថាតូចចិត្តបន្តិចដែលគេហាក់ដូចជាភ្លេចមិត្តភាពយើងលឿនម៉្លេះ និយាយធ្វើដូចភ្លេចខ្ញុំតែម្តង តែមិនអីទេ បើបានអញ្ចឹងក៏ល្អ ឲ្យគេបានសប្បាយចិត្តចុះ ធ្វើអ្វីធ្វើទៅ ខ្ញុំក៏សប្បាយចិត្តដែរ ព្រោះតាំងពីមានរឿងខ្វែងគំនិតមក ខ្ញុំតែខ្វល់ជានិច្ច ថាខ្ញុំធ្វើឲ្យមិត្តមិនសប្បាយចិត្ត ធ្វើឲ្យប៉ះពាល់អារម្មណ៍មិត្ត បើទោះជាអ្នកណាខុស អ្នកណាត្រូវ ខ្ញុំមិនខ្វល់ទេ ខ្ញុំខ្វល់ត្រឹមថា ខ្ញុំមិនចង់ធ្វើឲ្យនរណាម្នាក់ពិបាកដោយសារខ្ញុំឡើយ ។
ក៏បានអ៊ីម៉ែលតបវិញ សុំទោសម្តងទៀតដែលខ្ញុំយល់ច្រឡំ ។ ហើយក៏បានទៅបញ្ចេញអារម្មណ៍ដាក់ Blog ខ្ញុំ តែខ្ញុំចៀសវាងណាស់ មិនលើកអ្វីឲ្យប៉ះពាល់ ឬបញ្ចេញអ្វីដែលបង្ហាញពីអត្តសញ្ញាណនរណាម្នាក់ឡើយ គិតថាអ្នកចូលទៅអានក៏គួរតែយោគយល់ថាជាទីកន្លែងឯកជនសម្រាប់ការបញ្ចេញ ឬសម្តែងមតិរបស់ខ្ញុំ បើវាមិនធ្វើឲ្យប៉ះពាល់សិទ្ធនរណាម្នាក់ទេ ខ្ញុំក៏មិនខុស ។
ព្រឹកឡើងម៉ោងប្រហែល ១០ ព្រឹកខ្ញុំទទួលបានអ៊ីម៉ែលមួយ អានហើយញ័រដៃ ធ្វើការលែងបាន ។ គេស៊ុតខ្ញុំមួយរយៗ ប្រើពាក្យសម្តីសំណូមពរ លាយឡំការព្រមានថា “សុំឲ្យឈប់និយាយរំលឹកដល់រឿងអតីតរបស់យើងឲ្យគេឮទៀត! មិត្តភាពរបស់យើងវាមិនអាចត្រឡប់ទៅរកដូចដើមបានទេ! ។ល។ តាមគេចាំបាន គេធ្លាប់ប្រាប់ម្តងជាពីរដងហើយម៉េចក៏មិនចេះស្តាប់? និយាយស្តាប់គ្នាមិនយល់ទេឬ? នេះប្រាប់ជាលើកទី៣ ថាឈប់រំលឹករឿងចាស់(សង្ឃឹមហើយរំពឹងថានឹងគ្មានលើកក្រោយទៀត)” ។ ខ្ញុំធ្មេចភ្នែកសង្កត់ចិត្ត ហាមមិនឲ្យគិត ព្រោះនៅពេលនោះ អារឿងផ្សេងៗវាបានកប់បាត់អស់ហើយ អស់សំណើច! ហួសចិត្ត នឹងសមមុខខ្លួនឯងណាស់ វិលវល់អស់ហើយ មិនយល់ថាខ្លួនបានធ្វើអ្វីខុស? បន្ទាប់ពីមានរឿងក៏និយាយខ្លាំងៗបែបនេះម្តង ហើយនៅសុខៗក៏មកខ្ចីលុយ ហើយដល់ពេលសងក៏និយាយបែប (ព្រមាន) នោះម្តងទៀត នេះវាមានរឿងអ្វីកើតឡើងចំពោះខ្ញុំ គេកំពុងធ្វើអ្វីហ្នឹង?
អាសូរតែឲ្យបានគិត សូម្បីតែបន្តិចក៏មិនប្រាថ្នាឡើយ រឿងឲ្យមិត្តភាពដូចដើម ខ្ញុំចង់ប្រាប់ថា នៅពេលនេះ ខ្ញុំមិនទាន់ធ្វើចិត្តបាននៅឡើយទេ ខ្ញុំនៅខ្លាចសម្ព័ន្ធភាពនោះនៅឡើយ សម្ព័ន្ធភាពដែលធ្វើឲ្យខ្ញុំ (យើងទាំងពីរ) ឈឺចាប់ ខ្ញុំមិនចង់ឲ្យវាវិលមករកកន្លែងដើមឡើយ សុំច្រើនបំផុតគឺត្រឹមមនុស្សធ្លាប់ស្គាល់ ទុកមុខរាប់គ្នាប៉ុណ្ណោះឯង ។ បើទោះជាពេលខ្លះខ្ញុំបានបញ្ចេញអារម្មណ៍តាម Blog ក៏ ពិតមែនតែមិនមានម្តងណាឡើយ ដែលខ្ញុំនិយាយ ឬហាសុំឲ្យមិត្តភាពយើងត្រឡប់ដូចដើម ឬគេយល់ច្រឡំ? ដូចខ្ញុំយល់ច្រឡំនៅលើទំព័រសាធារណៈគេដែរ? ឬក៏ខ្ញុំត្រូវបិទមាត់ហាមនិយាយសូម្បីតែនៅក្នុង Blog ខ្លួន? ។
ហើយពាក្យដែលគេថា ឈប់ឲ្យរំលឹករឿងចាស់នោះ វាមានពាក់ព័ន្ធអីហ្នឹងរឿងខ្ចីលុយចុងក្រោយនេះឬអត់? មែនរឿងពីមុនមានលើសលួសខ្វះខាតអ្វីគ្នា ខ្ញុំមិនរំលឹកទេ (បើទោះជាខ្ញុំនៅចាំវាពេញក្នុងខួរខ្ញុំក៏ដោយ) ព្រោះពេលដែលយើងសម្រេចបញ្ចប់មិត្តភាពយើងនោះ ខ្ញុំតាំងចិត្តឈប់រំលឹករឿងងចាស់ជាមួយគេហើយ មិនយកទៅនិយាយរំលឹកអូសបន្លាយអីទៀតទេ ។ តែនេះគេទើបមកពឹងខ្ញុំក្រោយសោះ ហើយតាំងពីពឹងរឿងនេះមក យើងមិនដែលបានជជែកគ្នាអ្វីឲ្យច្រើនដុំកំភួនឡើយ ។ អ៊ីម៉ែលក៏ខ្ញុំនៅមាន រឿងឲ្យឈប់រំលឹករឿងចាស់ដែលគេជាអ្នកលើកឡើង ហើយសុំឲ្យរាប់អានត្រឹមកម្រិតណាមួយ ដែលគ្រប់យ៉ាងសុទ្ធសឹងតែជាការកំណត់វាស់ផ្លូវឲ្យមិត្តភាពរបស់យើងដើរ ហើយដែលក្រោយមកជជែកគ្នាក្នុង Skype ពេលខ្ចីលុយខ្ញុំក៏បាន Copy ទុកក្នុង Private Blog របស់ខ្ញុំដើម្បីទុកអានរឿងរ៉ាវរវាងខ្ញុំនឹងគេ ទុកជាមេរៀនទៅថ្ងៃក្រោយ ទុករំលឹកការចង់ចាំរបស់ខ្លួន ព្រោះវា Online Diary របស់ខ្ញុំ ។
តើហ៍នេះគេហៅថាអ្វីឲ្យប្រាកដ? ខ្ញុំចាញ់បោកគេមែនទេ? ខ្ចីលុយហើយ ដល់ពេលត្រូវសង ក៏មកប្រាប់ឲ្យឈប់រំលឹករឿងចាស់ តើហ៍ន័យនេះមានបូករួមទាំងការខ្ចីលុយនេះឬអត់? ឬក៏គេភ្លេចថាបានខ្លីលុយខ្ញុំ? សូមភាវនាឲ្យការស្មានចុងក្រោយនេះ ជាការពិតទៅចុះ សូមឲ្យគេភ្លេចទៅចុះ ភ្លេចថាគេបានខ្ចីលុយខ្ញុំ … ខ្ញុំមិនចង់ឲ្យគេក្លាយជាមនុស្សបែបហ្នឹងព្រោះលុយចំនួនប៉ុណ្ណឹងទេ គេម្នាក់ដែលខ្ញុំស្គាល់មិនធ្វើបែបហ្នឹងព្រោះលុយប៉ុណ្ណឹងឡើយ ឬច្រើនជាងហ្នឹងរាល់រយពាន់ដង ក៏គេម្នាក់ហ្នឹងមិនធ្វើដែរ ខ្ញុំស្គាល់គេច្បាស់ណាស់! ហើយខ្ញុំក៏មិនចង់ក្លាយជាអាល្ងង់ភ្លីភ្លើចាញ់បោកគេដែរ ចាញ់បោកព្រោះទម្លាប់ជួយមនុស្សពេលជួបអាសន្ន ទម្លាប់ដែលខ្ញុំតែងគិតថា វាធ្វើឲ្យខ្ញុំសប្បាយចិត្ត ពេលបានជួយគេ ខ្ញុំមិនចង់ខកចិត្តព្រោះទម្លាប់នេះទេ…
សូមឲ្យរឿងទាំងអស់បញ្ចប់ត្រឹមនេះចុះ ខ្ញុំសូមសន្មត់ថា គេភ្លេចថាគេបានខ្ចីលុយខ្ញុំ ខ្ញុំមិនទាមទារសំណងអ្វីពីគេឡើយ ហើយខ្ញុំក៏មិនបានត្រូវគេបោកប្រាស់ដែរ ៚
