bye 2009 & hi 2010

ពេល​វេលា​ពីមួយ​វិនាទីទៅ​មួយវិនាទី​ រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​ លើ​មនុស្ស​យើង​ម្នាក់ៗ​ផ្សេង​ៗគ្នា ហើយ​បើសរុប​ទៅជា​មួយនាទី មួយ​ម៉ោង មួយ​ថ្ងី មួយ​អាទិត្យ មួយ​ខែ និង​មួយ​ឆ្នាំ​ ខ្ញុំ​ជឿថា​គ្មាន​អ្នក​ណា​ម្នាក់ចាំ​អស់​ទេ ថា​មាន​រឿង​អីខ្លះ​កើត​ឡើង​ចំពោះ​គេ ។ មាន​តែ​រឿង​ដែល​សំខាន់ៗ​ប៉ុណ្ណោះ ដែល​វា​ដិត​នៅជាប់ក្នុង​ការចងចាំរបស់យើង ។​​ ពិសេស​ជាង​នេះ​ទៅទៀត មនុស្ស​យើងគឺ​តែងតែទទួលបាននូវ​អ្វី​ដែល​ផ្ទុយ​ពីការចង់បាន​របស់ខ្លួន ដូចជា​រឿងដែល​កើតឡើង​មួយ​រយៈពេល​ពីមួយ​វិនាទីទៅមួយវិនាទីអញ្ចឹងដែរ មាន​រឿងខ្លះ​យើង​ប្រាថ្នា​ចង់​ឲ្យ​ភ្លេច តែ​វា​ត្រឡប់ទៅជាចាំមិន​ព្រម​ភ្លេច ហើយមាន​រឿង​ខ្លួន​យើង​ចង់ចាំ (ជាពិសេស​រឿង​មើល​មេរៀន ហេហេហេ) វា​បែរជា​ភ្លេច​ងាយ​ជាង​ស្អីទៅទៀត ។

ខ្លួន​ខ្ញុំ​ក៏អញ្ចឹង​ រយៈពេល​ ៣៦៥ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ ឬ​ហៅជាភាសាមួយទៀតថា​ ឆ្នាំ​កន្លង​ទៅនេះ មាន​រឿងជាច្រើន​កើត​ឡើង​ក្នុងជីវិត ដោយមិន​បាច់​រ៉ាយរ៉ាប់ទេគឺ​វា​មាន​ទាំង​ពីរ​ប្រភេទហ្នឹងគឺ ល្អ នឹង​អាក្រក់ ។ តែសរុប​ឲ្យ​ខ្លីខ្ញុំ​ថា មាន​រឿង​ល្អ​កើត​ឡើង​ច្រើនជាង​រឿងអាក្រក់ ក្នុង​នោះមាន​ជាអាទិដូចជា បញ្ចប់ថ្នាក់បរិញ្ញាបត្រ​ដែលខ្ញុំ​រៀន​អស់ពេល ៦​ឆ្នាំហើយ​ដោយ​ត្រដាបត្រដួស … មាន​មនុស្ស​ថ្មីៗ​(មិត្ត)​ ដើរ​ចូល​មកក្នុង​ជីវិត​ខ្ញុំ​ ចាត់​ទុក​ថា​ជារឿង​ល្អ ព្រោះវា​អ្វី​ដែរ​យើង​មិន​អាច​កាត់ផ្តាច់បាន​គឺ​សង្គម នៅពេល​ណា​យើង​ពង្រីក​សង្គម​យើងឲ្យ​បាន​កាន់​តែ​ធំ ខ្ញុំ​ថា​គុណសម្បត្តិ​មាន​ច្រើនជាង​គុណវិបត្តិ ជាពិសេសសម្រាប់មនុស្ស​ដែល​រាប់អាន​មនុស្ស​យ៉ាប់ដូចជាខ្ញុំ ។ មា​ន​រឿង​ជាច្រើន​ដែល​កើត​ឡើង ហើយ​ខ្ញុំ​ប្រាថ្នា​ថា ហ្នឹង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បីឲ្យ​វា​ថិត​នៅ​ក្នុង​ការចងចាំ​របស់ខ្ញុំ​ជា​រឿង​រហូត តាម​រយៈការកត់​ត្រា ។ល។ ឆ្លង​កាត់មេរៀន​ជីវិតរយៈពេល ៣៦៥ថ្ងៃកន្លងមក​នេះ ខ្ញុំ​រៀនចេះ​បានច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​សរុប​ថាឆ្នាំ​កន្លងជាឆ្នាំ​ល្អមួយ​សម្រាប់ខ្ញុំ​ ។

និយាយ​ពី​រឿង​ឆ្លង​ឆ្នាំ ជា​រឿង​ដដែល​ៗ​កើត​ឡើង​ទៀង​ទាត់ តែ​នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​(លោភ)យើង​ត្រេក​ត្រអាល​បានជា​រឿយ! ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា គិត​ៗ​ទៅ​យប់​ហើយ​ភ្លឺ​ ហើយ​ដល់​ម៉ោង​ដល់​ពេល​វា​ក៏​យប់​វិញ គ្មាន​ឃើញ​អី​ចម្លែក តែមិន​ថា​​ខ្ញុំ​ មិន​ថា​គេ មិន​ដឹង​ជា​ស្អី​ឲ្យ​តែ​យប់​ឆ្លង​ឆ្នាំ​ហ្នឹង ជ្រួល​ច្រាល​មិន​ដេក​មិន​ពួកនឹង​គេ​តែ​ទៅ ។

ប្លែក​សម្រាប់​ឆ្នាំ​នេះគឺ​ខ្ញុំ​ខាន​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​តែប៉ុណ្ណឹង​ឯង គិត​ថា​ដេក​អាន​សៀវ​ភៅ​លេង​ៗទម្រាំ​ដល់​ម៉ោង​សឹម​ទៅ​រាប់​ថយ​ក្រោយ លា​ឆ្នាំ​ចាស់​ហើយ​ទទួល​សាទរ​ឆ្នាំ​ថ្មី​តាម​កម្មវិធី​ប៉ុស្តិ៍ទូរទស្សន៍ តែមាន​ឯង​ណា មិន​ជក់​រឿង​ពេកអាន​ឡើង​ហួស​ឆ្នាំ មើល​មក​នាឡិកា​ក្បាល​ដំណេក​ ចូល​ហួស ៧ នាទី​បាត់ទៅ​ហើយ!

ហេហេហេ ខ្ញុំ​ទៅអីបាន​អូស​ពេល​វេលា​ឲ្យ​ដើរ​ថយ​ក្រោយ​មិន​ក៏មិន​កើត មាន​តែ​គិត​ពី​រឿង​ល្អៗ​វិញទៅ គិត​ថា​ឆ្នាំ​នេះ​ចំណេញ​ហើយ​ចូល​តែពីរ​ឆ្នាំ​បាន​ហើយ ព្រោះ​ជាធម្មតា​ខ្មែរ​យើង​មួយ​ឆ្នាំៗ​ចូល​បីដង​ឯណោះ ហើយ​ខ្ញុំ​ខាន​មួយ នៅ​សល់ពីរ​ ហេហេហេ ចូល​តិច​ក៏​ល្អមិន​សូវ​ចាស់ ។

ផែន​ការ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មីមាន​អី​ខ្លះ? ខ្ញុំ​ថា​យើង​គ្រប់​គ្នា​តែមាន​ផែន​ការជីវិត តែ​គ្រាន់​តែជា​គម្រោង បើ​វា​មិន​បាន​សម្រេច​ទៅ​តាម​អ្វី​គ្រោង​ទុក​ទាំង​ស្រុង​ក៏​ ការដែលមាន​គម្រោង​ខ្ញុំ​គិត​ថា​វា​ប្រសើរជាង​គ្មាន​ដែរ​ វា​ប្រៀប​ដូចជា​យើង​កំពុង​ធ្វើ​ដំណើរ ហោច​ណាស់​ក៏​យើង​ដឹង​​ថា​គោល​ដៅ​ទៅណា មិន​ដឹង​ម៉េច​នឹង​ស្មាន​បរិមាណ​សាំង​ត្រូវ វីវរ​អស់សាំង​កណ្តាល​ផ្លូវ​វា​ក្លាយ​ជា​រឿង​យ៉ាប់ តែបើចែដន្យ​ម៉ាស៊ីន​ខូចទៅមុខ​មិនបាន ឬ​សាំ​អស់​ព្រោះ​ស្ទះ​ផ្លូវ ដែល​ទាំង​នេះ​សុទ្ធ​សឹងជា​ហេតុ​កើត​ដោយមិ​នបាន​ដឹងជាមុន វា​ជារឿង​ផ្សេង ដែលអាច​ចាត់​ទុក​ថា​ឧបសគ្គ​នៃ​គម្រោង​ការជីវិត​ ។

ឆ្នាំ​ថ្មីនេះមាន​រឿង​ជាច្រើន​ចង់​ធ្វើ ហើយ​ចាប់អនុវត្តិអាទិភាព ឬ​ភាព​ចាំបាច់តែខ្ញុំ​ជា​អ្នក​កំណត់​ឡើង​ដោយ​ខ្លួនឯង ។ គេឧស្សាហ៍និយាយ​ថា​ ឆ្នាំ​ថ្មី​អ្វី​ៗ​ក៏ថ្មី  ហេហេហេ ខ្ញុំ​ថាមិន​អញ្ចឹង​ទេ បើ​អាប់ដេត​ថ្មី​ប្រហែលជា​អាច​ទទួល​យក​បាន ហោច​ណាស់​ក៏​យើង​ម្នាក់ ដែលមិន​ថ្មីគឺ​នៅ​ជា​ខ្លួន​យើងដដែលណឹងឯង ។ ចំពោះ​ខ្ញុំ​ឆ្នាំ​ថ្មី​ផែន​ការថ្មី​អាច​មាន​ខ្លះ តែផែន​ការ​ចាស់​ (ដែល​មិន​ទាន់បាន​សម្រេច) ក៏​នៅ​តែបន្ត​អនុវត្ត​ទៅមុខ អាច​ប្រហែលជាមាន​យុទ្ធសាស្ត្រ​ខ្លះ​ត្រូវ​ផ្លាស់ប្តូរ ឬបន្ទាន់សម័យ ។ល។ តែទោះ​យ៉ាង​ណា​ក៏នៅ​តែ​អះអាង​ជា​និច្ច​ថាមិន​អាចទៅ​ជាថ្មី​ទាំង​ស្រុងនោះទេ ។

ខាង​លើ​លើក​ពី​អនាគត​កាល​ហើយ ចូល​ដល់​ “អតីតកាល” ម្តង សួរ​ថា​តើហ៍​ត្រូវ​ចាត់ការយ៉ាងម៉េចជាមួយ​វា? មិន​ពិបាក តែក៏មិន​ស្រួល​ដែរ ភាគ​ច្រើនគេ​និយាយ​ថា ចាត់ទុក​អតីតកាល​ឲ្យ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល និង​រៀប​គម្រោង​សម្រាប់អនាគត ហើយ​ការ​ដែល​ដើរមក​ជាន់ចំ​ស្មាម​កំហុស​ដែល​ធ្លាប់​ករឡើង​ហើយ​ក្នុងអតិតកាល​ជា​រឿងដែល​មិន​គួរ​ឲ្យ​កើត​មាន​ឡើង​ឡើយ អានេះ​ហើយ​ទើប​ជា​រឿង​លំបាក​ ព្រោះជា​រឿយ​ៗ​ការខុស​ឆ្គង​តែតែកើត​មាន​ឡើង ហើយ​មាន​រឿងជាច្រើន​ខុស​ហើយ​ខុស​ទៀត ។

តែសម្រាប់ខ្ញុំ​អ្វី​ដែល​ខ្ញុំ​អាច​លួង​លោ​ម​ចិត្ត​ខ្លួន​ឯង​បាន​នោះគឺ បច្ចុប្បន្ន​កាល​របស់ខ្ញុំ រាល់ការ​សម្រេច​ចិត្ត​ធ្វើ​ធ្វីមួយ ខ្ញុំ​មិន​សូវជា​ស្តាយ​ក្រោយ​នឹង​ទង្វើរ​របស់ខ្ញុំ​ឡើយ  ព្រោះ​ខ្ញុំ​តែងធ្វើ​ចិត្ត​ទទួល​យក​លទ្ធផល​របស់​ខ្លួន​ជានិច្ច មិន​ថា​ល្អ ឬអាក្រក់ទេ ។

Share
This entry was posted in [V]-idea, [V]-writing. Bookmark the permalink.

4 Responses to bye 2009 & hi 2010

  1. រដ្ឋ says:

    សរសេរ​ច្រើន​ម៉េះ?
    អាង​តែ​ខ្លួន​ឯង​អត់​បាន​ខោនដោន តាំង​ម៉ោ​ថា​គេ​អី​ណា ហាសហា៎ ក្រែង​ធ្លាប់​ជា​មនុស្ស(​លោភ) ដែរ​តើ​អ្ហី? រាប់​ថយ​ក្រោយ​នៅ​សមុទ្ទ​អី​នោះ មិន​ថា​ផង ។ យ៉ាយ​លេង​ទេហ្នា៎ មែន​ហ្នឹង​អាដែលៗ អា​ខោន​ដោន​ស្អី​គេ​ហ្នឹង!!!!!!

  2. vRYA says:

    @រដ្ឋ: ព្រោះ​តែ​ធឹង​ហើយ​បានសរសេរ​ណឺងណា តាម​ពិត​ខោន​ដោន​សំខាន់នោះ​គឺ​មាន​មនុស្ស​សំខាន់ ឬ​ពួកម៉ាក​ដែល​ទៅ​ខោន​ជាមួយ ឬ​បើ​ចង់​ទៅ​លេង​ឃើញ​គេ​ឃើញ​ឯង តែបើ​អារម្មណ៍​ពេល​ឆ្លង​ឆ្នាំ​អី​ហ្នឹង​ គ្មាន​អី​ប្លែក​ពី​ពេល​ធម្មតា​ហ្នឹង​សោះ! បើ​មិន​រវល់​ហ្នឹង​វា​ក៏​មិន​ឃើញ​មាន​អី​កើត​ឡើង​ផងហ្នឹង! ហាហាហាហា

  3. comkh.com says:

    សួស្ដីឆ្នាំថ្មី 2010​ បាទ

  4. vRYA says:

    @comkh.com: សួស្តី​ឆ្នាំ​ថ្មី!

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>