ទោះមិនស្គាល់គាត់ក៏ខ្ញុំស្រឡាញ់គាត់ដែរ… វាដូចជាសភាវគតិរបស់មនុស្សយើងអញ្ចឹង…ទោះមិនស្គាល់ក៏ខ្ញុំគោរព គាត់ដែរ… គិតទៅមនុស្សយើងអញ្ចឹងមែនណ៎ មិនខុសព្រោះមិនបានធ្វើ មិនធ្វើគឺមិនខុស… ហើយគាត់រឹតតែគ្មានថ្ងៃធ្វើអ្វីខុសចំពោះខ្ញុំ ក៏ដូចអ្នកដទៃទៀតដែរ ព្រោះខ្ញុំមិនស្គាល់គាត់ ហើយគាត់ក៏គ្មានថ្ងៃស្គាល់ខ្ញុំ គឺយើងមិនស្គាល់គ្នា … ចុះម៉េចបានជាខ្ញុំនិយាយពីគាត់ ព្រោះគាត់ជាមនុស្សសំខាន់ក្នុងជីវិតខ្ញុំ គ្មានគាត់ក៏គ្មានខ្ញុំ តែនៅពេលខ្ញុំបើកភ្នែកមើលលោកនេះ រូបគាត់បានចាកចោលលោកនេះ៦ខែមុននោះបាត់ទៅហើយ… គាត់គឺ …
គាត់គឺ ប៉ាខ្ញុំ!
កាលពីម៉ោងថ្មើនេះ កណ្តាលអាធ្រាតថ្ងៃ ១៩ ឈានចូលថ្ងៃ ២០ បានជាងមួយម៉ោង ខែធ្នូ កាលពី ២៧ឆ្នាំមុន តាមការនិយាយប្រាប់របស់ចាស់ៗ នៅយប់នោះហើយជាយប់ដែលគាត់ចាកចោលពួកយើងទៅ… ចាកចោលប្រពន្ធដែលមានមានផ្ទៃពោះ៣ខែ ចាកចោលកូនប្រុសដែលមានអាយុទើបតែជិត២ខួប ចាកចោលគ្មានថ្ងៃត្រឡប់…
ព្រឹកស្អែកនេះ(២០ខែ១២)ម៉ាក់រៀបចំសែនខួបស្លាប់ទី ២៧ របស់ប្តីគាត់ ដែលជាឪពុករបស់ខ្ញុំ ជាមនុស្សសំខាន់ក្នុងជីវិតរបស់ខ្ញុំ ជាមនុស្សដែលខ្ញុំមិនស្គាល់ ថារូបរាងខាងក្រៅយ៉ាងម៉េច បានឃើញត្រឹមរូបថត មិនដឹងថាសម្លេងយ៉ាងម៉េច ជាមនុស្សមានចរឹតឫកពាយ៉ាងណា…កាច ឬស្លូត ហើយភាពកក់ក្តៅដែលគាត់នឹងផ្តល់ឲ្យក្រុមគ្រួសារមានរសជាតិយ៉ាងណា …
មិនដឹងថាមកពីគាត់ជាកម្លាំងចិត្ត ឬកម្លាំងចិត្តរបស់ម៉ែមានចំពោះកូន តែប្រហែលបូករួមបញ្ចូលគ្នា បានបណ្តាលឲ្យម៉ាក់តស៊ូតែម្នាក់ឯង ចិញ្ចឹមកូនប្រុសពីរ (ក្បាល) រហូតមានថ្ងៃនេះ ហើយគាត់មិនដែលភ្លេច សមាជិកម្នាក់ទៀតនៅក្នុងគ្រួសារយើងឡើយ… បើទោះជាគាត់ចាកចេញពីពួកយើងទៅយូរសែនយូរទៅហើយ ម៉ាក់គាត់រៀបចំសែនតាមជំនឿសែនព្រេនបែបជនជាតិចិន (ដែលជាខ្សែស្រឡាយឆ្ងាយក្រែលណាស់ដែរហើយ) មិនដែលខានឡើយ… សែនជារៀងរាល់ឆ្នាំ ហើយនឹងបន្តទៅជារឿយៗ…មិនដែលនឹកគិតថានឹងឈប់រំលឹកដល់គាត់ឡើយ…
“ប៉ា!” ពាក្យនេះតាំងពីកើតរហូតមកដល់ពេលនេះ ២៦ឆ្នាំហើយ ខ្ញុំមិនដែលប្រើវាហៅនរណាម្នាក់នៅខាងក្រៅឡើយ មានតែនឹកក្នុងចិត្ត ប្រើជាប្រយោល និងសរសេរជាតួអក្សរប៉ុណ្ណោះ… តែទោះជាយ៉ាងណាក៏គាត់ជាចំណែកមួយនៃជីវិតខ្ញុំ … ចង់និយាយពាក្យថា “នឹក” ចំពោះគាត់ដូចជានិយាយមិនចេញ ព្រោះមិនដែលជួបប្រាស័យ នឹកម៉េចកើត តែដឹងត្រឹមថាគាត់នៅក្នុងចិត្តជារៀងរហូតមក… ព្រោះគាត់ជា “ប៉ាខ្ញុំ” ៚
-
-
———————————————————
.
.
.
.
*** សុំសរសេរថែមបន្តិច ព្រោះទទួលបាន Comments មួយពីរទាក់ទងរឿងនេះ បើទោះជាកន្លែង Comments ត្រូវបានបិទទៅហើយចុះ … តែទោះយ៉ាងណាក៏សុំថ្លែងអំណរគុណដល់ម្ចាស់ Comment ដែរ … តែសូមអានបន្តខាងក្រោមបន្តិច សង្ឃឹមថានឹងយល់កាន់តែច្បាស់ពីការដែលលើករឿងនេះមកនិយាយ …
អរគុណច្រើនដែលបានអាន ប្រាប់ត្រង់ៗថាការដែលលើកមកនិយាយនេះ មិនមែនចង់បានការអាណិតអាសូរ (ឬការវិភាគមតិយោប់)ឡើយ …ដូច្នេះទើបមិនដាក់ឲ្យមានការបញ្ចេញមតិ ព្រោះជារឿងដែលកន្លងទៅយូរហើយ (វាអស់កម្សត់ទៅហើយ ហេហេហេ) ហើយជឿថានៅមានរឿងគួរឲ្យអាណិតច្រើនជាងហ្នឹងរាប់សិបដងទៀតឯណោះ… គ្រាន់តែថាកន្លែងនេះជាវេទិកាផ្ទាល់ខ្លួន ដូច្នេះហើយមានរឿងអីក្នុងចិត្តក៏សរសេរចេញឲ្យបានធូរពោះប៉ុណ្ណឹងឯង ។
បំណាច់នឹងយកចិត្តមកអាណិតអាសូរតួអង្គក្នុងរឿង ខ្ញុំថា គួរគិតថាសាច់រឿងនេះផ្តល់គំនិតអីខ្លះ? មិនហ៊ានអប់រំណែនាំអីទេ ព្រោះខ្ញុំក៏មិនមែនសាស្ត្រាចារ្យវិភាគរឿងប្រលោមលោកដែរ គ្រាន់តែចង់លើកជាយោបល់ផ្ទាល់ខ្លួនមួយចំនួនប៉ុណ្ណោះដូចជា៖
- ជីវិតគឺមិនទៀងទាត់, no one know that tomorrow will come or not ត្រូវទេ? ដូច្នេះបើ ចង់ធ្វើអ្វីមួយ ហើយមានឱកាសធ្វើ គួរកុំបណ្តោយឲ្យពេលវេលាកន្លងទៅអត់ប្រយោជន៍ បើយល់ថាត្រឹមត្រូវហើយ មិនបន្តជាអន្តរាយដល់អ្នកដទៃ … ធ្វើវាទៅ ក្រែងគ្មានពេលបានធ្វើជារៀងរហូត ។
- មួយទៀត…មានជីវិតត្រូវតែមានសង្ឃឹម បើគ្មានសង្ឃឹមទេ ថ្ងៃថ្មីរបស់យើងប្រហែលជាអួរអាប់មិនស្រស់ថ្លាឡើយ “ស៊ូពិការរាងកាយ តែកុំឲ្យពិការចិត្ត”
- អ្នកស្លាប់ទៅហើយគួរឲ្យអាណិត តែអ្នកដែលនៅរស់រឹតតែគួរឲ្យអាណិតជាងណឹងទៅទៀត ព្រោះអម្រែកទាំងអស់តែនៅសល់គឺធ្លាក់មកលើអ្នកដែលនៅមានជីវិតរស់ ។
។ល។ និង ។ល។ ដោយសង្ខេប (ថាសរសេរបន្តិច តែដូចមិនតិចទេ វែងជាងសាច់រឿងទៀត ហាហាហាហា) … អរគុណ!
