មានរឿងរ៉ាវ (គិតថាប្លែក) មករ៉ាយរ៉ាប់បងប្អូនប្លក់! គឺខ្ញុំមានឱកាសបានជិះឡានក្រុងពីកោះកុងមកភ្នំពេញ សុំបញ្ចេញឈ្មោះឡានក្រុងចំៗតែម្តង ព្រោះអ្វីដែលឡានក្រុងនេះបានធ្វើ វាចូលលក្ខណៈកេងចំណេញលើអតិថិជនរបស់ខ្លួន ទោះជាបន្តិចបន្តួចក៏ដោយចុះ ក៏វាមិនគួរកើតមានឡើង ។
ដោយសារមិនមានជម្រើសច្រើន ហើយជាលើកទីមួយដែលខ្ញុំបានទៅស្គាល់ខេត្តកោះកុងផងដែរនោះ ខ្ញុំមិនបានជ្រើសរើសក្រុមហ៊ុនឡានក្រុង ដែលនឹងត្រូវជិះត្រឡប់មក មកពីច្រកចាំយាម អ្នកម៉ូតូឌុប ដឹកចូលក្រុមហ៊ុនឡានក្រុង រឹទ្ធមុនី (មានម៉ូយគេ) ។ តម្លៃសំបុត្រ ២ម៉ឺន៥ពាន់រៀល ម្នាក់ ។
ឡានក្រុងមាន០៣ ក្រុមហ៊ុន ហើយតម្លៃថ្លៃថ្នូរមិនខុសគ្នាប៉ុន្មានទេ ចេញដំណើរក៏ម៉ោងពេលប្រហាក់ប្រហែលគ្នា ។ ដោយសារមានក្រុមហ៊ុនតិចពេកហើយមើលទៅ បានជាសំបុត្រត្រូវប្រញាប់ទិញទុកមិន ព្រោះខ្លាចអត់កន្លែងអង្គុយ ។
ទៅដល់កន្លែងបេនឡានមុនពេលចេញដំណើរកន្លះម៉ោង ហើយរឿងរ៉ាវអស្ចារ្យក៏ចាប់ផ្តើមកើតមានឡើងដែរ …
សុំរ៉ាយរ៉ាប់សង្ខេបពីហេតុការណ៍ដែលកើតឡើង…
1- យកកាប៉ូបទៅផ្ញើរ ព្រូឡានស្រែកថា ពេញហើយបង បងសាកយកទៅសាក់ខាងលើទៅក្រែងដាក់ចូល បើដាក់មិនចូលចង្អើរខាងលើទេ បងរុញចូលក្រោមកៅអីទៅ ។ មិនសូញសាញច្រើន ដាក់កន្លែងណាក៏តែបានដែរ បានដាក់ខាងលើចុះស្រួលផង មិនបាច់ខ្វល់ខ្លាចបាត់ពេលចុះពីឡាន ។
ចៃដន្យកាបូបសម្ពាយខ្ញុំហ្នឹងវាដាក់មិនចុះ កន្លែងដែលគេប្រាប់ហ្នឹងវាដាក់មិនចុះ ក៏ត្រូវយកចុះទៅវិញ តវ៉ាទាល់តែគេព្រមបើកកន្លែងឲ្យដាក់ ! ពេលបើកឃ្លុបឡានមក ស្រាប់តែឃើញកន្លែងវាលល្វឹង… ហើយម៉េចបានគេថាពេញ???

2- ជិតដល់ម៉ោងចេញពួកខ្ញុំក៏ឡើងឡាន តម្រង់ទៅរកលេខកៅអីតាមសំបុត្ររបស់យើង តែមិនអាចទៅបានព្រោះ មានអ្នកដំណើរផ្សេងទៀតកំពុងឈរឆ្កាដៃឆ្កាជើងបាំងផ្លូវពួកយើង ។ អ្នកដំណើរមួយក្រុម ជាជានជាតិបារាំង (ឮគេនិយាយគ្នាជាភាសាហ្វ្រង់សេ) ឃើញថាចរចារពិបាកជាមួយអ្នកដំណើរខ្មែរយើង ខ្ញុំក៏ចូលខ្លួនទៅសាកសួរក្រែងអាចជួយអីបាន ។
បញ្ហាគឺលេខកៅអីជាន់គ្នា បារាំងពីរនាក់នោះបង្ហាញសំបុត្ររបស់គេមកឲ្យខ្ញុំ ឃើញថាលេខ ៧ និង ៨ បងៗខ្មែរពីរនាក់ប្តីប្រពន្ធនិងកូនតូចមួយក៏បង្ហាញខ្ញុំដែរ សំបុត្ររបស់គាត់ឃើញមានដាក់ លេខដូចគ្នានឹងសំបុត្របារាំងដែរ តែមានបន្ថែមពាក្យថា “ជ័រ” ។ ហួសពីសមត្ថភាពរបស់ខ្ញុំ ខ្ញុំក៏ប្រាប់ឲ្យបារាំងនោះទៅសួរនាំអ្នកលក់សំបុត្រ ដែលតុធ្វើការបណ្តោះអាសន្នរបស់គេដាក់នៅពីមុខឡានតែម្តង ។
បន្តិចក្រោយមក បារាំងពីរនាក់នោះក៏ឡើងមកវិញ ជាមួយអ្នកចាត់ការទូទៅឡានក្រុង ឬ ហៅថាព្រូឡានក៏បាន ។ ព្រូឡាននោះប្រាប់ទៅបងពីរនាក់ប្តីប្រពន្ធនោះថា កៅអីបារាំងទេបង គេទិញតាំងពីល្ងាច ។ កៅអីបងឯងគឺជាកៅអីបន្ថៃម “ជ័រ” នៅជួរកណ្តាល ។ បងៗពីរនាក់ហ្នឹងរអ៊ូរថា មកទិញតាំងពីព្រឹកម៉េចបានវាទិញអាកៅអីហ្នឹងទៅវិញ? ព្រូឡានប្រាប់ថា ឡាន ខ្ញុំលក់សំបុត្រអស់តាំងពីល្ងាច អ្នកទិញពេលព្រឹកទាំងអស់សុទ្ធតែជាកៅអីបន្ថែម ។
គេដេញអ្នកមានសំបុត្រកៅអី បន្ថែមទាំងអស់ឲ្យចុះក្រោមសិន ចាំអ្នកទិញកៅអីធម្មតាឡើងពេញសឹមឡើងតាមក្រោយ ។ ដូចឃើញក្នុងរូបខាងលើស្រាប់ គេយកកៅអីជ័រទាបៗ ទៅស៊កនៅផ្លូវដើរ រួចឲ្យអ្នកដំណើរអង្គុយ (រយៈពេលប្រាំម៉ោង) ។ ខ្មាស់ពួកបារាំងមួយក្រុមនោះតិចៗដែរ ដូចឃើញក្នុងរូប បងស្រីម្នាក់ដែរអង្គុយកណ្តាលហ្នឹង ដំបូងឡើយគាត់ពិតខ្លួនទៅលើកៅអីបារាំងហ្នឹងបន្តិចទេ ។ បានមួយរយៈក្រោយមក គាត់ចាប់ផ្តើមច្រត់កែងដៃទៅលើកៅអីនោះ ឃើញបារាំងនោះអង្គុយឡើងរឹងខ្លួន មិនហ៊ានកម្រើកច្រើនខ្លាចប៉ះ (ពួកហ្នឹងគេគិតរឿង Personal Free Space ណាស់តាមខ្ញុំដឹង) ។ ក្រោយពេលបាយថ្ងៃត្រង់ហើយ ឡានចេញដំណើរបន្ត អ្នកដំណើរម្នាក់ៗចាប់ផ្តើមទន់ត្របកភ្នែក ខ្ញុំសង្កេតឃើញថា បងស្រីអង្គុយក្បែរបារាំងនោះ ប្រហែលអញ្ចឹងងោកដែរ ព្រោះគាត់ច្រត់កែងដៃកាន់តែខ្លាំង ហើយពេលងោកម្តងៗគាត់សឹងតែកើយលើភ្លៅបារាំងនោះតែម្តង ។
ឃើញរូបភាពបែបហ្នឹងធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យឃោសនាទេសចរណ៍ស្រុកខ្មែរថា “Cambodia Kingdom of Wonder” ហេហេហេ ពិតជាអស្ចារ្យផន់គេមែន! ប្រហែលពិបាករកនៅកន្លែងផ្សេង!
3- សុំនិយាយបកក្រោយបន្តិច … មុនពេលឡានចេញដំណើរ ស្រាប់តែព្រូឡានស្រែក “ជំទាល” ក្តែងៗពីខាងមុខមក ឡើងខ្ញុំ និងប្រហែលអ្នកដំណើរផ្សេងៗទៀតភ្ញាក់ព្រឺត ស្មានតែមានភ្លើងឆេះ … គេស្រែកជំទាលថា “អ្នកណាហូបបាយក្នុងឡាន? ខ្ញុំធុំក្លិន? អ្នកណាគេ? អ្នកណាគេហូប??? ឡាននេះហាមញ៉ាំបាយ ហាមជក់បារីក្នុងឡាននេះ…” ហេហេហេ វាស្រែកសួររកមុខ ដូចទាហានចូលជួរ ស្រែកសម្លុតក្តែងៗហ្មង …. ហេហេហេ អស់សំណើចពួកបារាំង ដែលស្តាប់មិនបាន ធ្វើមុខឡេងឡង់ៗ មើលគ្នាទៅវិញទៅមក គ្នាអង្គុយខាង ចំកន្លែងអាលោកហ្នឹងវាស្រែកផង បែបខ្ទាត់ទឹកមាត់ប៉ះជោគបារាំងផងក៏មិនដឹង ហេហេហេ បើវាស្រែកជំទាលម្ល៉ឹង!

4- ជិះបានជាងមួយម៉ោង ស្រាប់តែឡានបន្ថយល្បឿន ពេលខ្ញុំក្រឡេកមើលទៅខាងចិញ្ចើមផ្លូវ ឃើញមីងម្នាក់ឈរបក់ដៃ ហើយស្រែកថា ផ្ញើរឥវ៉ាន់ពីរកេះ… ឡានក៏បន្ថយល្បឿន អែបចត ហើយប្រាប់អ្នកដំណើរថា បងប្អូនចុះបត់ដៃបត់ជើងបាន ឡានចតចាំមួយភ្លែត …
ក្រោយពេលអ្នកដំណើរចុះស្រទៅដោះទុក្ខសត្វស្រាប់ តែឃើញព្រូឡានដើរទៅចរចារជាមួយអ្នកហៅឡានឈប់ ហើយក៏លើកកេះពីរនោះយកមកដាក់ក្នុងឃ្លុបឡាន …
ពេលឯងយកឥវ៉ាន់ទៅដាក់គេថាពេញ តែនៅតាមផ្លូវកេះពីធំៗស្រាប់តែគេដាក់គ្មានខ្លាចចង្អៀតសោះ… ឬនេះគេហៅថាវិធីសាស្ត្ររកកម្រៃបន្ថែម ហាហាហា?

5- ឈប់សម្រាកបាយថ្ងៃត្រង់នៅជិតស្រែអំបិល បន្ទាប់ពីបាយរួចអ្នកដំណើរចាប់ផ្តើមឡើងឡាន ហេហេហេ ស្រាប់តែតៃកុងឡានប្រកាសថា បងប្អូនចុះសិនមក ឡានអស់អាគុយរលីង …ចុះមកដល់ក្រោមតៃកុងស្រែករកជំនួយទៀត បងប្អូនប្រុសៗពេញកម្លាំង ជួយគ្នាបន្តិចផង ឆាប់បានចេញដំណើរ ។ សំណាងហើយដែលឡានវាមិនរករឿងខ្លាំង រុញប្រហែល ១០ម៉ែត្រ វាក៏ដេរឆេះវិញ ។
6- ឡានចេញមកដល់ផ្លូវជាតិលេខ ៤ បានជិតដល់កំពង់ស្ពឺ ស្រាប់តែអ្នកដំណើរអង្គុយខាងក្រោយស្រែក “ឈប់! ៗ ៗ ៗ តៃកុងឡាន សុំឈប់មួយ ក្មេងរាគអាចម៍ ប្រញាប់បន្តិច តិចវាលេចដាក់ពេញឡានអាឡូវហ្នឹងហើយ”
ពេលឡានរកកន្លែងចតបានស្រួលបួលហើយ ឃើញមានបងប្រុសម្នាក់បីក្មេងរត់ចុះជាបន្ទាន់ ប្រហែលគ្នារាគខ្លាំងហើយមើលទៅ… តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មនុស្សចាស់សឹងជាងពាក់កណ្តាលឡាន ចុះទៅរកកន្លែងគួរសមដែរ … ហេហេហេ នាំគ្នានិយាយលេងសើច បែបមនុស្សចាស់ឈឺជាងក្មេង តែមិនហ៊ានស្រែក ហាហាហាហា
សុំរៀបរាប់រឿងរ៉ាវបទពិសោធន៍លើឡានក្រុងស្រុកខ្មែរត្រឹមតែប៉ុណ្ណេះចុះ ទុកគ្រាន់កម្សាន្តអារម្មណ៍!
កម្ពុជា រាជាណាចក្រអច្ឆរិយៈ! បើធ្វើតាមរូបមន្តគណិតវិទ្យា ច្បាប់ឆ្លង យើងអាចនិយាយបានថា ឡានក្រុងអច្ឆរិយៈ! នៃ Kingdom of Wonder!
![]()

hahah យ៉ាប់ណាស់អនុស្សាវរីយន៍កំសត់ ចាញ់ខ្ញុំទេកាលសេរីនៅរៀន (ឆ្នាំ១៩៩៧)ពេលទៅលេងស្រុកម្តងៗជិះឡានតាក់ស៊ី(តួរីសផ្តាច់ព្រលឺង) មកដល់ទាញចាប់អីវ៉ាន់ស្ទើរ ដាច់ខ្លួនជាពី(បែជាឯងហត់នឹងទាញអីវ៉ាន់ពីព្រូឡានទៅវិញ) ឡាននេះតាមក្បូនជិះបានតែ៨នាក់ទេ តែគាត់សូកបានជាង៣០នាក់ ចាំតាំងពី៧ព្រឹក រហូតដល់ម៉ោង១១បានចេញដំណើរ(ពេលមកដំបូងនាំគ្នាស្រែកខ្វះម្នាក់ៗ ទៀតចេញហើយ ចេញឪវា២០នាក៉ទៀតនៅតែមួយតឿតទេបងចេញហើយៗ) >>>>>នៅមានត
អានរឿងបងសុខគីបណ្តើរនឹករូបភាពបណ្តើរ ឃើញចឹងមែន! ហើយនៅមានត តនៅឯណា? ហេហេហេ ចង់តាមទៅមើល!
ស្រុកខ្មែរអញ្ចឹងឯង ចេះតែមានរឿងប្លែកៗ មាន អង្គុយកៅអីជ័រ ផ្ញើរឥវ៉ាន់តាមផ្លូវ រុញឡាន ហាហហា សព្វៗហើយគិតៗទៅខ្មាសពួកបរទេសដែរនឹងណា
ហាហា ខ្ញុំក៏ធ្លាប់ជួបដែររឿងអស់ណឹង។ ធ្វើដំណើរពីអំពេញទៅកោះធំ ចំណាយពេល អស់ម៉ាង៉ៃដែរ
។ បើជិះម៉ូតូខ្លួនឯងតែម៉ាម៉ោងសោះណឹងណា
ហេហេ និយាយពីរឿងចុះពីលើឡានក្រុង ឬឡាន ឈ្នួល បើចុះពីលើឡានវិញ លោកអឺយធុញតែម្តង មិនដឹងជាស្អី គ្រាន់តែឡានឈប់ភ្លាម ហើយបើកទ្វារ អ្នកម៉ូតូ អ្នកកង់បី នាំគ្នាដណ្តើមម៉ូយ មិនចឹងទេ មានអាទាញកាបូបទៀត យ៉ាប់តែម្តងហើយ។ ហ៊ឹម ចុះធ្វើមិចបើជារបររបស់ពួកគាត់ទៅហើយ បើមិនដណ្តើម វាអត់បាយតែចឹង
ពេលគេចូលមករោមទាញឆ្វេងអូសស្តាំអញ្ចឹងខ្លាចតែបាត់របស់របរទេ…មិនដឹងមានវិធីអីចាត់ការរឿងហ្នឹងឲ្យប្រសើរឡើងបានណោះ!?!