ចូលឆ្នាំថ្មីឆ្នាំជូតនេះ ប្លែកជាងឆ្នាំមុនសម្រាប់ខ្ញុំ គឺឆ្នាំនេះខ្ញុំចេញដើរលេងទៅក្រៅក្រុងជាមួយក្រុមគ្រួសារស្ទើររាល់ថ្ងៃ តែមិនបានដើរជាមួយម៉ាក់ និង បងខ្ញុំទេ ព្រោះម៉ាក់គាត់ចេញទៅក្រៅប្រទេសជាមួយបងប្អូនមួយក្រុមទៀត ហើយបងប្រុសខ្ញុំ គេមានកម្មវិធីជាមួយមិត្តភក្តិជាប់រដឹក (ផ្ទះខ្ញុំមែនទែនទៅមានគ្នាតែ៣នាក់ហ្នឹងឯង គឺម៉ាក់, បង និង ខ្ញុំ) ។ សំណាងដែរ ដែលម៉ាក់មានបងប្អូនច្រើន ដូច្នោះទោះគាត់មិននៅផ្ទះក៏នៅសមាជិកផ្សេងៗទៀតនៃគ្រួសារបបួលខ្ញុំដើរលេងដែរ ។ ដូច្នេះហើយបានជាខ្ញុំមានកម្មវិធីដើរលេងមិនលួសថ្ងៃ ។
ថ្ងៃទី១៣ ខែមេសា ជាថ្ងៃមហាសង្ក្រាន្ត ម្ដាយមីងខ្ញុំបានបបួលទៅលេងភ្នំឧត្តុង្គជាមួយគាត់ ។ យើងចេញដំណើរម៉ោង ៨ ព្រឹក ទៅដល់ប្រហែលម៉ោង ៩កន្លះ ។ ឆ្នាំនេះហាក់មិនសូវមានមនុស្សម្នាច្រើនទេ ខ្ញុំប៉ងថាក្រោយពេលសម្រាកបាយថ្ងៃត្រង់រួចនឹងឡើងទៅសក្ការព្រះសក្យមុនីចេតិយ ។ ការងារដំបូងដែលយើងត្រូវធ្វើគឺ រកជួលតូបអង្គុយ សម្រេចគ្នាថាចូលទៅកន្លែងមួយនោះ ជាកន្លែងដែលធ្លាប់ចូលកាលពីមកលេងលើកមុន ។ ក្រោយពេលសួរថ្លៃសួរថ្នូរហើយធ្វើឲ្យស្រឡាំងកាំង ព្រោះតម្លៃត្រូវបានដំឡើង១០ដង ពីមុន ៥ពាន់រៀល ហើយថ្ងៃចូលឆ្នាំគេគិត ៥ម៉ឺន មួយកាក់មួយសេនក៏មិនចុះដែរ យើងក៏សម្រេចមិនចូលកន្លែងហ្នឹងដែរ ។ ទីបំផុតយើងរកកន្លែងគួរសមមួយបានក្នុងតម្លៃ ២៥០០០៛ (ហេហេហេ ស្តង់ដារខ្មែរយើងឲ្យតែបុណ្យទាន គឺរកស៊ីលក់ផ្លូវខ្លួនឯងអញ្ចឹង ម៉ូយមិនម៉ូយមិនដឹងទេ សុំម្ដងហើយ!!!) ។
បន្ទាប់ពីបានកន្លែងអង្គុយហើយយើងចេញរកទិញអាហារសម្រាប់ថ្ងៃត្រង់ មនុស្សម្នានៅតែបន្តធ្វើដំណើរចូលមកហូរហែ ហើយតម្លៃចំណីអាហារក៏មិនសូវជាខុសពីតម្លៃតូបប៉ុន្មានទេ ភាគច្រើនគាត់លក់ក្នុងតម្លៃគុណនឹង២ ។ ខាងក្រោមនេះជារូបថត ដែលខ្ញុំប្រើទូរស័ព្ទដៃថតមកផ្ញើប្រិយមិត្ត VphotO ទស្សនាកម្សាន្ត មិនសូវជាច្បាស់ទេ ព្រោះខ្ជិលយកម៉ាស៊ីនថតតាម៖

» មាន់បំពងអាហារពេញនិយមសម្រាប់ដំណើរកម្សាន្តក្រៅផ្ទះ (ទោះជាផ្ដាសាយបក្សីរាតត្បាតក៏នៅតែពេញនិយម) ។

» អាហារពេញនិយមមួយទៀតបន្ទាប់ពីមាន់បំពងគឺត្រីអាំង និង ប្រហុកដុតខ្ចប់ស្លឹកចេក ។

«ក្រចាប់» មិនដឹងគេផ្លែ ឬ ជាមើមទេ ព្រោះតាំងពីធំដឹងក្ដីមក ខ្ញុំឃើញគេយកមកលក់បែបនេះស្រាប់ទៅហើយ មិនដឹងថារូបរាងដើមវាមានលក្ខណៈបែបណាឲ្យប្រាកដទេ ។

តូបនេះលក់ដូរច្រើនតែជាចំណីញ៉ាំលេង ដំឡូងស្ងោរ ទ្រាបបាយ ក្រចាប់ ….

«នំលម្អងចេក» រសជាតិវានៅតែឆ្ងាយដដែល ផ្អែមត្រជាក់ៗ ឈ្ងុយៗ បើមានឱកាសចង់ទៅមើលគេធ្វើវាឲ្យបានម្ដង ព្រោះចង់ដឹងថាគេវិធីធ្វើ ។
ក្រោយពេលយើងញ៉ាំបាយថ្ងៃត្រង់រួចរាល់ហើយ ខ្ញុំបម្រុងតែនឹងបបួលប្អូនៗឡើងទៅលើភ្នំ ស្រាប់តែ «កុង» (ជីតា) គាត់ទៅជាមួយដែរ គាត់ប្រាប់ថាមានការ ត្រូវឆ្លៀតទៅចូលរួមបុណ្យមួយនៅទីរួមខែត្រកំពង់ស្ពឺ ។ ដូច្នេះគម្រោងឡើងទៅសក្ការព្រះសក្យមុនីចេតិយរបស់ខ្ញុំត្រូវបានខកខាន ស្ដាយបន្តិចដែរ តែមិនអីទេ ចាំពេលក្រោយទៀតក៏បាន មិនឃើញថាចាំបាច់ត្រូវតែឡើងខានមិនបានឯណា! (ហេហេហេ និយាយបន្លប់ខ្លួនឯងកុំឲ្យស្ដាយ ប៉ងច្រើនដងហើយ តែខកតែរហូតហ្នឹង អញ្ចឹងបានជាចាស់ៗគាត់ឧស្សាហ៍និយាយថា ចង់ ធ្វើអី ឬ ទៅកន្លែងណាមួយ កុំប៉ងច្រើនពេក ព្រោះវាច្រើនតែខក បើសូវនឹកឃើញភ្លាមទៅភ្លែតតែម្ដងទៅ) ។
ទម្រាំត្រឡប់មកដល់ផ្ទះវិញម៉ោង ៥កន្លះឯណោះ កៀកម៉ោងទេវតាចុះហើយ ឆ្នាំនេះលោកចុះមកម៉ោង ៦ និង ២៤ នាទី ល្ងាច ។បងប្រុសខ្ញុំគេបានទិញដង្វាយសម្រាប់ព្រះនាងទុង្សាទេវី រួចរាល់ហើយ ។ រាល់ដងពេលម៉ាក់នៅផ្ទះ វាជាតួនាទីរបស់គាត់ តែពេលនេះគាត់មិននៅ វាត្រូវធ្លាក់មកលើពួកយើង យើងនាំគ្នាធ្វើទាំងអស់ ខុសខ្លះត្រូវខ្លះ ខ្វះនេះខ្វះនោះសព្វតែយ៉ាង ។ មានរបស់ម្យ៉ាង ដែលព្យាយាមមិនខ្វះគឺដង្វាយផ្លែ ឧទុម្ពរ (ល្វា) បងខ្ញុំថាគេលក់ច្រើនណាស់នៅផ្សារ មួយគីឡូ ៥ពាន់រៀល ។ អ្នកលក់គេថាគេនាំចូលពីប្រទេសវៀតណាមមកវិញ ព្រោះវៀតណាមគេញ៉ាំល្វាខ្ចី គេថារសវាចត់ៗ ញ៉ាំជ្រលក់ទឹកត្រីល្អ ស្រដៀងខ្វិត ហើយពេលនៅខ្ចីអញ្ចឹងវាអត់មានសត្វមមុងទេ ។ ខ្ញុំចង់សាកដែរហ្នឹងណា ហើយប៉ងថានឹងសាកក្រោយពេលសែន តែទម្រាំសែនរួចហើយបីថ្ងៃផ្លែវាប្រែសភាពមិនគួរឲ្យសាក ក៏សម្រេចចិត្តចាក់ចោលអស់ទៅ ចាំឱកាសក្រោយទៀតចុះ សម្រេចសម្រួលខ្ញុំខកបំណងម្ដងទៀតហើយ ។
ថ្ងៃនេះសុំស្លេះដំណើរកម្សាន្តចូលឆ្នាំរបស់ខ្ញុំប៉ុណ្ណេះសិន … សូមរង់ចាំអានភាគបន្ត

បានដើរលេងអត់ឃើញបបួលអីសោះ ខំអង្គុយចាំ!
ហេហេហេ! ម៉េចមិនព្រមប្រាប់មុនថាចាំខ្ញុំ!?! បើដឹងខ្ញុំបបួលហើយ ចាំឆ្នាំក្រោយទៅអញ្ចឹង!
នំលំអងចេក អូយយ៉ូយ នឹកចង់ញាំអស់ទាស់ បើតាមគិតប្រហែលជាង ១០ឆ្នាំហើយណា។ចាំដើរមើលបើនៅ អាមេរិចនេះមានលក់ទិញញាំណាណី ម្តង តែបើអត់មានមានតែសង្ឃឹមលើប្អូនវីផ្ញើរមកទេ
Posoky
ផ្ញើតាមណាបងសុខគី? បើខ្ញុំទិញមកញ៉ាំនៅផ្ទះ ទុកក្នុងទូរទឹកកកតែម៉ាល្ងាចឡើងរឹងសំបកខាងក្រៅ ធ្លាក់រសជាតិបាត់ហើយហ្នឹង! ទម្រាំតែផ្ញើដល់បងឯងនៅអាមេរិចមិនដឹងជាវាប្រែសភាពទៅជាយ៉ាងណាទេ!?! ហេហេហេ ទ្រាំទៅបងអើយ ពេកមកលេងស្រុកពួយឲ្យណាណីម្មង!
ស្អីគេក្រចាប់ហ្នឹង? គេញុំាឆៅចឹងម៉ង? ទើបតែលឺហើយឃើញជាលើកដំបូងទេ។ ថតជិតទៅគួរអោយខ្លាច។
គេថារបស់ខ្លះគួរឲ្យខ្លាច ប៉ុន្តែត្រូវចាំថា វាមានសារៈ ។ និយាយអញ្ចឹង ខ្ញុំបានយករូបផ្លែក្រចាប់ខ្មៅ ៗ នេះទៅយោងក្នុងអត្ថបទខ្ញុំ Khmerling ។ សូមអភ័យទោសផង ដែលមិនបានប្រាប់ជាមុន ។
សូមអរគុណ
មិនអីទេ…តាមសម្រួលចុះ!!!