My New Year’s activities…

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត​នេះ ប្លែក​ជាង​ឆ្នាំ​មុន​សម្រាប់​ខ្ញុំ គឺ​ឆ្នាំ​នេះ​ខ្ញុំ​ចេញ​ដើរ​លេង​ទៅ​ក្រៅ​ក្រុង​ជាមួយ​ក្រុម​គ្រួសារ​ស្ទើរ​រាល់​ថ្ងៃ តែ​មិន​បាន​ដើរ​ជា​មួយ​ម៉ាក់ និង​ បង​ខ្ញុំ​ទេ ព្រោះ​ម៉ាក់​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​បង​ប្អូន​មួយ​ក្រុម​ទៀត ហើយ​បង​ប្រុស​ខ្ញុំ​ គេ​មាន​កម្មវិធី​ជាមួយ​មិត្ត​ភក្តិ​ជាប់​រដឹក (​ផ្ទះ​ខ្ញុំ​មែន​ទែន​ទៅ​មាន​គ្នា​តែ​៣​នាក់​ហ្នឹង​ឯង គឺ​ម៉ាក់,​ បង និង ខ្ញុំ​) ។ ​សំណាង​ដែរ ដែល​ម៉ាក់​មាន​បង​ប្អូន​ច្រើន ដូច្នោះ​ទោះ​គាត់​មិន​នៅ​ផ្ទះ​ក៏​នៅ​​សមាជិក​ផ្សេង​ៗ​ទៀត​នៃ​គ្រួសារ​បបួល​ខ្ញុំ​ដើរ​លេង​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​កម្មវិធី​ដើរ​លេង​មិន​លួស​ថ្ងៃ ។

ថ្ងៃ​ទី​១​៣​ ខែ​មេសា ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ម្ដាយ​មីង​ខ្ញុំ​បាន​បបួល​ទៅ​លេង​ភ្នំ​ឧត្តុង្គ​ជាមួយ​គាត់ ។ យើង​ចេញ​ដំណើរ​​ម៉ោង ៨​​ ព្រឹក ទៅ​ដល់​ប្រហែល​ម៉ោង ៩​កន្លះ ។ ឆ្នាំ​នេះ​ហាក់​មិន​សូវ​មាន​មនុស្ស​ម្នា​ច្រើន​ទេ ខ្ញុំ​ប៉ង​ថា​ក្រោយ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​រួច​នឹង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​ចេតិយ​​​ ។ ការ​ងារ​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​គឺ រក​ជួល​តូប​អង្គុយ សម្រេច​គ្នា​ថា​ចូល​ទៅ​កន្លែង​មួយ​នោះ ជា​កន្លែង​ដែល​ធ្លាប់​ចូល​​កាល​ពី​មក​​​លេង​លើក​​មុន ។ ក្រោយ​ពេល​សួរ​​ថ្លៃ​សួរ​ថ្នូរ​ហើយ​ធ្វើ​ឲ្យ​ស្រឡាំងកាំង ព្រោះ​តម្លៃ​ត្រូវ​បាន​ដំឡើង​១​០​​ដង ពី​មុន ៥​ពាន់​រៀល ហើយ​ថ្ងៃ​ចូល​ឆ្នាំ​គេ​គិត ៥​ម៉ឺន​ មួយ​កាក់​មួយ​សេន​ក៏​មិន​ចុះ​ដែរ យើង​ក៏​សម្រេច​មិន​ចូល​កន្លែង​ហ្នឹង​ដែរ ។ ទី​បំផុត​​យើង​រក​កន្លែង​គួរ​សម​មួយ​បាន​ក្នុង​តម្លៃ ២​៥​០​​០​០៛ (​ហេ​ហេ​ហេ​ ស្តង់​ដារ​ខ្មែរ​យើង​ឲ្យ​តែ​បុណ្យ​ទាន គឺ​រក​ស៊ី​លក់​ផ្លូវ​ខ្លួន​ឯង​អញ្ចឹង​ ម៉ូយ​មិន​​ម៉ូយ​មិន​ដឹង​ទេ សុំ​ម្ដង​ហើយ​!!!) ។

បន្ទាប់​ពី​បាន​កន្លែង​អង្គុយ​ហើយ​យើង​ចេញ​រក​ទិញ​​អាហារ​សម្រាប់​ថ្ងៃ​ត្រង់​ មនុស្សម្នា​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​ហូរហែ​ ហើយ​តម្លៃ​ចំណី​អាហារ​​ក៏​មិន​សូវ​ជា​ខុស​ពី​តម្លៃ​តូប​ប៉ុន្មាន​ទេ ភាគ​ច្រើន​គាត់​លក់​ក្នុង​តម្លៃ​គុណ​នឹង​២ ។ ខាង​ក្រោម​នេះ​ជា​រូប​ថត ដែល​ខ្ញុំ​ប្រើ​ទូរស័ព្ទ​ដៃ​ថត​មក​ផ្ញើ​ប្រិយ​មិត្ត​ VphotO ទស្សនា​កម្សាន្ត មិន​សូវ​ជា​ច្បាស់​ទេ ព្រោះ​ខ្ជិល​យក​ម៉ាស៊ីន​​ថត​​តាម​៖

» មាន់​បំពង​អាហារ​ពេញ​និយម​សម្រាប់​ដំណើរ​កម្សាន្ត​ក្រៅ​ផ្ទះ (​ទោះ​ជា​ផ្ដាសាយ​បក្សី​រាតត្បាត​ក៏​នៅ​តែ​ពេញ​និយម) ។

» អាហារ​ពេញ​និយម​មួយ​ទៀត​បន្ទាប់​ពី​មាន់​បំពង​គឺ​ត្រី​អាំង និង ប្រហុក​ដុត​ខ្ចប់​ស្លឹក​ចេក ។

«​ក្រចាប់​» មិន​ដឹង​គេ​ផ្លែ​ ឬ ជា​មើម​ទេ ព្រោះ​តាំង​ពី​ធំ​ដឹង​ក្ដី​មក​ ខ្ញុំ​ឃើញ​គេ​យក​មក​លក់​បែប​នេះ​ស្រាប់​ទៅ​ហើយ មិន​ដឹង​ថា​រូប​រាង​ដើម​វា​មាន​លក្ខណៈ​បែប​ណា​ឲ្យ​ប្រាកដ​ទេ ។

តូប​នេះ​លក់​ដូរ​ច្រើន​តែ​​ជា​ចំណី​ញ៉ាំ​លេង ដំឡូង​ស្ងោរ ទ្រាប​បាយ ក្រចាប់ ….

«នំ​លម្អង​ចេក» រសជាតិ​វា​នៅ​តែ​ឆ្ងាយ​ដដែល​ ផ្អែម​ត្រជាក់​ៗ ឈ្ងុយ​ៗ បើ​មាន​ឱកាស​ចង់​ទៅ​មើល​គេ​ធ្វើ​វា​ឲ្យ​បាន​ម្ដង ព្រោះ​ចង់​ដឹង​ថា​គេ​វិធី​ធ្វើ​ ។

ក្រោយ​ពេល​យើង​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​រាល់​ហើយ ខ្ញុំ​បម្រុង​តែ​នឹង​បបួល​​ប្អូន​ៗ​ឡើង​ទៅ​លើ​ភ្នំ​ ស្រាប់​តែ​ «កុង» (ជីតា) គាត់​ទៅ​ជា​មួយ​ដែរ គាត់​ប្រាប់​ថា​មាន​ការ ​ត្រូវ​ឆ្លៀត​ទៅ​ចូល​រួម​បុណ្យ​មួយ​នៅ​​ទី​រួម​ខែត្រ​កំពង់ស្ពឺ ។ ដូច្នេះ​គម្រោង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​​ចេតិយ​របស់​ខ្ញុំ​ត្រូវ​បាន​ខក​ខាន ស្ដាយ​បន្តិច​ដែរ តែ​មិន​អី​ទេ ចាំ​ពេល​ក្រោយ​ទៀត​ក៏​បាន​ មិន​ឃើញ​ថា​ចាំ​បាច់​ត្រូវ​តែ​ឡើង​ខាន​មិន​បាន​ឯណា! (ហេ​ហេ​ហេ​ និយាយ​បន្លប់​ខ្លួន​ឯង​កុំ​ឲ្យ​ស្ដាយ​ ប៉ង​ច្រើន​ដង​ហើយ​ តែ​ខក​តែ​រហូត​ហ្នឹង អញ្ចឹង​បាន​ជា​ចាស់ៗ​គាត់​ឧស្សាហ៍​និយាយ​ថា ចង់​ ធ្វើ​អី ឬ ទៅ​កន្លែង​ណាមួយ កុំ​ប៉ង​ច្រើន​ពេក ព្រោះ​​​វា​ច្រើន​តែ​ខក​ បើ​សូវ​នឹក​ឃើញ​ភ្លាម​ទៅ​ភ្លែត​តែម្ដង​ទៅ) ។

ទម្រាំ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ម៉ោង ៥​កន្លះ​ឯណោះ កៀក​ម៉ោង​ទេវតា​ចុះ​ហើយ ឆ្នាំ​នេះ​លោក​ចុះ​មក​ម៉ោង​ ​៦​ និង ២​៤ នាទី ល្ងាច ។បង​ប្រុស​ខ្ញុំ​គេ​បាន​ទិញ​ដង្វាយ​សម្រាប់​​ព្រះនាង​ទុង្សាទេវី រួច​រាល់​ហើយ​​ ។ រាល់​ដង​ពេល​ម៉ាក់​នៅ​ផ្ទះ វា​ជា​តួនាទី​របស់​គាត់​ តែ​ពេល​នេះ​គាត់​មិន​នៅ វា​ត្រូវ​ធ្លាក់​មក​លើ​ពួក​​យើង យើង​នាំ​គ្នា​​​ធ្វើ​ទាំង​អស់ ខុស​ខ្លះ​ត្រូវ​ខ្លះ​ ខ្វះ​នេះ​ខ្វះ​នោះ​សព្វតែ​យ៉ាង ។ មាន​របស់​ម្យ៉ាង​ ដែល​​ព្យាយាម​មិន​ខ្វះ​គឺ​ដង្វាយ​ផ្លែ ឧទុម្ពរ (ល្វា)​ បង​ខ្ញុំ​ថា​គេ​លក់​ច្រើន​ណាស់​​នៅ​ផ្សារ មួយ​គីឡូ ៥​ពាន់​រៀល ។ អ្នក​លក់​គេ​ថា​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​វិញ ព្រោះ​វៀតណាម​គេ​ញ៉ាំ​ល្វា​ខ្ចី គេ​ថា​​រស​វា​ចត់​ៗ​ ញ៉ាំ​ជ្រលក់​ទឹកត្រី​ល្អ​ ស្រដៀង​ខ្វិត ហើយ​ពេល​នៅ​ខ្ចី​អញ្ចឹង​វា​អត់មាន​សត្វ​ម​មុង​ទេ ។ ខ្ញុំ​ចង់​សាក​ដែរ​ហ្នឹង​ណា​ ហើយ​ប៉ង​ថា​នឹង​សាក​ក្រោយ​ពេល​សែន តែ​ទម្រាំ​សែន​រួច​ហើយ​បី​ថ្ងៃ​ផ្លែ​វា​ប្រែ​សភាព​មិន​គួរ​ឲ្យ​សាក ក៏​សម្រេច​ចិត្ត​ចាក់​ចោល​អស់​ទៅ​ ចាំ​​ឱកាស​ក្រោយ​ទៀត​ចុះ សម្រេច​សម្រួល​ខ្ញុំ​ខក​បំណង​ម្ដង​ទៀត​ហើយ ។

ថ្ងៃ​នេះ​សុំ​ស្លេះ​ដំណើរ​កម្សាន្ត​ចូល​ឆ្នាំ​របស់​ខ្ញុំ​ប៉ុណ្ណេះ​សិន … សូម​រង់​ចាំ​អាន​ភាគ​បន្ត

 

Share
This entry was posted in [V]-action, [V]-this & That. Bookmark the permalink.

7 Responses to My New Year’s activities…

  1. sopheak says:

    បាន​ដើរ​លេង​អត់​ឃើញ​បបួល​អី​សោះ ខំ​អង្គុយ​ចាំ! :(

  2. ហេហេហេ! ម៉េច​មិន​ព្រម​ប្រាប់​មុន​ថា​ចាំ​ខ្ញុំ!?! បើ​ដឹង​ខ្ញុំ​បបួល​ហើយ ចាំ​ឆ្នាំ​ក្រោយ​ទៅ​អញ្ចឹង!

  3. Posoky says:

    នំលំអងចេក អូយយ៉ូយ នឹកចង់ញាំអស់ទាស់ បើតាមគិតប្រហែលជាង ១០ឆ្នាំហើយណា។​ចាំដើរមើលបើនៅ អាមេរិចនេះមានលក់ទិញញាំណាណី ម្តង តែបើអត់មានមានតែសង្ឃឹមលើប្អូនវីផ្ញើរមកទេ
    Posoky

  4. ផ្ញើតាម​ណា​បងសុខគី? បើ​ខ្ញុំ​ទិញ​មក​ញ៉ាំ​នៅ​ផ្ទះ​ ទុក​ក្នុង​ទូរ​ទឹកកក​តែ​ម៉ា​ល្ងាច​​ឡើង​រឹង​សំបក​ខាង​ក្រៅ​ ធ្លាក់​រស​ជាតិ​បាត់​ហើយ​ហ្នឹង! ទម្រាំ​តែ​ផ្ញើ​ដល់​បង​ឯង​នៅ​អាមេរិច​មិន​ដឹង​ជា​វា​ប្រែ​សភាព​ទៅ​ជា​យ៉ាង​ណា​ទេ!?! ហេហេហេ ទ្រាំ​ទៅ​បង​អើយ ពេក​មក​លេង​ស្រុក​ពួយឲ្យ​ណា​ណី​ម្មង!

  5. sophak says:

    ស្អី​គេ​ក្រចាប់​ហ្នឹង?​ គេ​ញុំា​ឆៅ​ចឹង​ម៉ង? ទើប​តែ​លឺ​ហើយ​ឃើញ​ជា​លើក​ដំបូង​ទេ។​ ថត​ជិត​​ទៅ​គួរ​អោយ​ខ្លាច។​

  6. Khmerling says:

    គេថារបស់ខ្លះគួរឲ្យខ្លាច ប៉ុន្តែត្រូវចាំថា វាមានសារៈ ។ និយាយអញ្ចឹង ខ្ញុំបានយករូបផ្លែក្រចាប់ខ្មៅ ៗ នេះទៅយោងក្នុងអត្ថបទខ្ញុំ Khmerling ។ សូមអភ័យទោសផង ដែលមិនបានប្រាប់ជាមុន ។
    សូមអរគុណ

    • vRYA says:

      មិន​អីទេ…តាម​សម្រួល​ចុះ!!!

Leave a Reply